(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង.ស្រុកទាំង១៤ មន្ត្រី ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។

លោក សុខ លូ បានណែនាំដល់មន្រី្តប្រតិបត្តិសាខា សូមចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យបានកាន់តែល្អប្រសើរ និងសកម្មផុលផុស ហើយប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ តាមរយៈវិស័យអាទិ៍ភាពចំនួន៤ រួមមាន៖

*ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
*សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
*ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
*ការអភិវឌ្ឍស្ថាប័នម៉្យាងទៀត ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជា អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រាធ្វើផ្ទះជូនជនទីទ័លក្រជាដើម

លោកបានណែនាំដល់សាខា អនុសាខាកាកបាទក្រហមទូទាំងខេត្តបាត់ដំបង បន្តផ្សព្វផ្សាយ និងអប់រំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជំរុញដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះឥឡូវនេះ ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង នៅតែជាបញ្ហាដែលកំពុងគំរាមកំហែងនៅក្នុងសហគមន៍ ដែលប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមក្នុងការកាត់ផ្ដាច់ការឆ្លងជាសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនេះ ព្រោះដូសជំរុញគឺជាអាវក្រោះការពារមិនឱ្យឆ្លង ឬមិនមានអាការៈធ្ងន់ធ្ងរកើតឡើង ឬឆាប់ជាសះស្បើយ កាត់បន្ថយអាត្រាការស្លាប់ឱ្យនៅបានទាបជាងមុននៅពេលដែលបានឆ្លងក៏ដោយ៕