(ព្រះសីហនុ)៖ លោក Beres Christopher មេធាវីអន្តរជាតិ និងជាអ្នកជំនាញសិក្សាផ្នែកអាស៊ីនៅអាមេរិក បានមកបំពេញទស្សនកិច្ចដោយផ្ទាល់នៅខេត្តព្រះសីហនុ ព្រមទាំងបានពិនិត្យឃើញដោយផ្ទាល់បន្ថែមទៀត ជុំវិញការចោទប្រកាន់រឿងបញ្ហាមូលដ្ឋានកងទ័ពចិន នៅខេត្តព្រះសីហនុ ពិសេសនៅចំណុចមូលដ្ឋានសមុទ្ររាមតែម្ដង។

អ្នកជំនាញសិក្សាផ្នែកអាស៉ីរូបនេះ តាមរយៈបទសម្ភាសផ្ទាល់នៅខេត្តព្រះសីហនុ បានបញ្ជាក់ច្បាស់ៗថា បន្ទាប់ពីបានបំពេញទស្សនកិច្ចចប់សព្វគ្រប់ហើយនោះ លោកមើលឃើញថា គ្មានមូលដ្ឋានកងទ័ពចិន និងគ្មាននាវារបស់ចិនមួយគ្រឿងណា នៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ ដូចការចោទប្រកាន់កាលពីពេលកន្លងទៅនោះទេ។

លោក Beres Christopher បានបញ្ជាក់បែបនេះថា «ខ្ញុំអាចនិយាយប្រាប់អស់លោកអ្នកបានថា យើងមិនបានឃើញវត្តមានកងទ័ពចិនទេ ហើយយើងក៏អត់ឃើញនាវាចម្បាំងចិនផងដែរ យើងក៏មិនបានមើលឃើញមីស៉ីលលឿន ជាងសំឡេងរបស់ប្រទេសចិនផងដែរ ហើយខ្ញុំក៏មិនរំពឹងថាបានឃើញវានោះដែរ»

លោកបានអះអាងទៀតថា មូលដ្ឋានសមុទ្ររាម មិនមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បង្កលក្ខណៈឲ្យកងទ័ពចិន ឬនាវាចម្បាំងចិនចូលបោះទីតាំងនោះទេ។ លោកបន្ថែមទៀតថា បើនិយាយពីស្ថានភាពទឹកវិញ នៅទីនេះទឹករាក់ មិនសាកសមសម្រាប់នាវាមុជទឹកធ្វើប្រតិបត្តិការយោធានោះឡើយ។

លោក Beres Christopher បានថ្លែងយ៉ាងដូច្នេះ «ជាការពិតខ្ញុំមិនឃើញវត្តមាននៃកងទ័ពរបស់ចិន នៅមូលដ្ឋានសមុទ្ររាមនេះទេ ព្រោះវាមិនមានន័យអ្វីទាំងអស់សម្រាប់ប្រទេសចិន ដែលត្រូវមានវត្តមាននៅមូលដ្ឋានទ័ពរាមនេះ ជាពិសេសផ្នែកយុទ្ធសាស្ដ្រតែម្ដង ដែលហាក់ដូចជាគ្មានន័យទាល់តែសោះ។ បើយើងក្រឡែកមើលប្រទេសចិន យុទ្ធសាស្ដ្ររបស់គាត់ គោលដៅរបស់គាត់ គឺផ្ដោតទៅលើសមុទ្រចិនខាងត្បូង មិនមែនផ្ដោតលើឈូងសមុទ្រថៃនោះទេ។

ដោយឡែក សម្រាប់ផ្នែកប្រតិបត្តិការវិញ គឺកាន់តែមិនមានន័យទៅទៀត ព្រោះថាឈូងសមុទ្រថៃហាក់ដូចជាមិនមានជម្រៅជ្រៅសម្រាប់នាវាមុជទឹកប្រតិបត្តិការនោះទេ ហើយប្រសិននាវានៅខាងលើទឹកវិញ វាក៏ងាយស្រួលដោយគេអាចចាប់បាន និងធ្វើប្រតិបត្តិការកម្ទេចបានជាដើម។ សម្រាប់ភូមិសាស្ដ្រនយោបាយវិញ ចំណុចទាំងអស់នេះ ប្រសិនបើមានវត្តមានមែននោះ នឹងបណ្ដាលឲ្យមានជម្លោះផ្សេងៗ កាន់តែធំថែមទៀត»

ជាមួយគ្នានេះ លោកបានអះអាងថា មូលដ្ឋានកងទ័ពសមុទ្ររាម គឺជាមូលដ្ឋានកងទ័ពយ៉ាងពិតប្រាកដរបស់កម្ពុជា គ្មានកងទ័ពផ្សេងមកបោះទីតាំង ដូចការចោទប្រកាន់នោះឡើយ បន្ទាប់ពីលោកបានទស្សនកិច្ចដោយផ្ទាល់នៅទីនេះ។

បន្ថែមពីនេះ លោកក៏បានកត់សម្គាល់អំពីស្ថានភាពទូទៅនៅខេត្តព្រះសីហនុថា មានតំបន់ឆ្នេរដ៏ស្រស់ស្អាត ហើយក៏ជាមជ្ឈមណ្ឌលទេសចរណ៍ កម្សាន្ដមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយលោករំពឹងថា នឹងមានពេលវេលាច្រើនដើម្បីបានស្គាល់ និងកម្សាន្ដនៅខេត្តព្រះសីហនុ៕