(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរផ្សេងៗទៀត ពីក្រៅប្រទេសទាំងអស់មកកម្ពុជា ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ និងដូសមូលដ្ឋាន ស្តីពីការលុបចោលលក្ខខណ្ឌតម្រូវ ឱ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន និងលុបចោលការធ្វើតេស្ត រហ័សពេលមកដល់កម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះតទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដូចខាងក្រោម៖

* ទី១៖ លុបចោលលក្ខខណ្ឌតម្រូវឲ្យបង្ហាញលទ្ធផល PCRតេស្ត អវិជ្ជមានរយៈពេល ៧២ ម៉ោងមុនពេលមកដល់
* ទី២៖ លុបចោលលក្ខខណ្ឌតម្រូវឲ្យធ្វើតេស្តរហ័យពេលមកដល់
* ទី៣៖ ដាក់ឲ្យដំណើរការឡើងវិញនូវការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) នៅគ្រប់ច្រកទ្វារអន្តរជាតិ ទាំងអស់តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដោយបំពេញលក្ខខណ្ឌនានាដូចធ្លាប់បានអនុវត្តមុនពេលវិបត្តិកូវីដ-១៩ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា នៅពេលមកដល់ ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរផ្សេងៗទៀត ត្រូវបង្ហាញវិញ្ញាបនបត្រ ឬឯកសារច្បាស់លាស់ បញ្ជាក់ការចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់អ្នកធ្វើដំណើរដែលពុំទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ អាចទទួលបានការលើកលែង និងការសម្រួលខាងលើផងដែរ តែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរផ្សេងៗទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យធ្វើតេស្តរហ័ស ដោយខ្លួនឯងមុនពេល ឬពេលមកដល់ និងអំឡុងពេលនៃការស្នាក់នៅកម្ពុជា និងតម្រូវឲ្យអនុវត្តឲ្យបានម៉ឹងម៉ាត់នូវវិធានសុខាភិបាល ៣កុំ ៣ការពារ ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ដែលបានដាក់ចេញ និងអនុវត្តដោយក្រសួងទេសចរណ៍ តាមគ្រប់ប្រភេទសេវាកម្មទេសចរណ៍ទាំងអស់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍៖