(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត នឹងដឹកនាំគណៈប្រតិភូយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ តបតាមការយាងរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ នឹង មានជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

ក្រសួងការបរទេសចាត់ទុកថា ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់កម្ពុជា នឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃ ដែលមានស្រាប់រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕