(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជីន ស៊ី (CHEN Xi) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្តចិន បានចូលរួមជាសក្ខីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើ «កិច្ចសហប្រតិបត្តិការ ក្នុងវិស័យគ្រប់គ្រងមុខងារ សាធារណៈ» តាមរយៈប្រព័ន្ធអនឡាញ រវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយលោក ហ្វូ ស៊ីងហ្គៅ (FU Xingguo) ប្រធានរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានលើកឡើងថា ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈកម្ពុជា-ចិន ដើម្បីពង្រឹង និងរក្សាឲ្យបាននូវមុខងារសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងផ្តោតប្រជាជនជាស្នូល។

ពិធីចុះហត្ថលេខានាពេលនេះ បានឆ្លុះបញ្ចាំងពីគិតគូរច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ នាពេលកន្លងមក តាមរយៈមិត្តភាពស្អិតរមួត, សាមគ្គីភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ដែលបានរួម ចំណែកក្នុងការជំរុញ និងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយប្រែក្លាយពីភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមកជាមិត្តភាពដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជំរុញការលើកកម្ពស់ជីវភាព និងសុខមាលភាពប្រជាជននៃប្រទេសទាំងពីរ ក្នុងកាលៈទេសៈនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះលោក ជីន ស៊ី និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមកផងដែរដែលបាន៖
១៖ ដើរតួជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩
២៖ ផ្តល់នូវជំនួយឧបត្ថម្ភផ្សេងៗក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ-១៩
៣៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ដែលបើកច្រកកាន់តែទូលាយសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទីផ្សារសម្រាប់កសិផលកម្ពុជា និងព្រមទាំង
៤៖ បានបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការប្រឈមនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ។

លោក ជីន ស៊ី សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្ត ចិន បានថ្លែងអំណរគុណ និងឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អំពីទំនាក់ទំនងដ៏រឹងមាំរវាង កម្ពុជា-ចិន និងប្តេជ្ញាបន្តជាសកម្ម និងភាគីចិន ក៏នឹងត្រៀមខ្លួនជានិច្ច ដើម្បីបន្តសហការ ជាមួយកម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរថែមទៀត។

ចុងទីបញ្ចប់នៃពិធី, ភាគីទាំងពីរ តំណាងដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា និងលោក ហ្វូ ស៊ីងហ្គៅ ប្រធានរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ ដែលជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕