(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការធ្វើយុទ្ធនាការអប់រំសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ការការចម្លងវីរុសកូវីដ-១៩ជាពិសេស ពពួកបំប្លែងថ្មី អូមីក្រុង (Omicron) ដែលនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅខេត្តកំពង់ស្ពឺ។

ក្រសួងបញ្ជាក់ថា យុទ្ធនាការអប់រំនេះ ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គលគ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឱ្យមាននិរន្តរភាពនៃការរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីផងដែរ។

យុទ្ធនាការជាតិអប់រំនេះ នឹងប្រព្រឹត្តិទៅនៅខេត្តកំពង់ស្ពឺ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅតាមបណ្តារាជធានី-ខេត្ត ផ្សេងទៀតក៏មានការណែនាំឱ្យចាត់ចែង រៀបចំយុទ្ធនាការនេះដែរ ហើយនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំ នៅកម្ពុជា និងលោកស្រី ហូរ៉ុក ហ្វាយូហ្សាត តំណាងអង្គការយូនីសែហ្វ ប្រចាំនៅកម្ពុជា ផងដែរ។

បើតាមក្រសួងសុខាភិបាល បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) គឺកំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែននៅលើសកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងបន្តចូលរួមការពារទាំងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នេះឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម រួមទាំងការចៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដើម្បីធានាបាននូវនិរន្តរភាពនៃការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែង ផងដែរ។

ក្រសួងសុខាភិបាលបានអំពាវនាវថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាលជាពិសេស គឺវិធានការ «ពាការពារ និង ៣កុំ» និងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា»