(ភ្នំពេញ)៖ នៅថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសពិសេសមួយ ដោយប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចដូចខាងក្រោម៖

១៖ លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។
២៖ លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។
៣៖ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។
ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕