(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី និងលោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ធានទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ពិធីករ ពិធីការនី» នៅសមាគមតន្ត្រីសំនៀងជនពិការ ។

វគ្គបណ្តុះបណ្តាលនេះ សមាគមជនពិការបានទទួលការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំដោយលោក ឃឹម វុទ្ធី ដោយអញ្ជើញលោកគ្រូ អ្នកគ្រូជំនាញដែលជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុជាតិ មកបង្រៀនជំនាញ ពិធីករ ពិធីការិនី ដល់ជនមានពិការភាពភ្នែក កាយសម្បទាចំនួន៧៣នាក់ ។

នេះជាលើកទី១សម្រាប់បងប្អូនពិការភ្នែកនៅសមាគមដែលបានទទួលជំនាញនេះ ដោយជនមានពិការភាពភ្នែកត្រូវការស្តាប់ និងនិយាយឲ្យល្អតាមក្បួនខ្នាតដើម្បីជាទុនក្នុងការប្រកបមុខរបរ និងធ្វើការងារចិញ្ចឹមជីវិតក្រៅពីជំនាញផ្សេងៗទៀតដែលពួកគាត់មាន។

សមាគមតន្រ្ដីសំនៀងជនពិការ បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញពិធីករ ពិធីការិនី ដល់ជនមានពិការភាពភ្នែក កាយសម្បទាក្នុងគោលបំណងបង្កើន និងពង្រឹងសមត្ថភាព ទេពកោសល្យ លើការសរសេរព័ត៌មាន អត្ថាធិប្បាយ កម្មវិធីតុមូល ផលិតកម្មវិធីវិទ្យុ និងការនិយាយជាពិធីករ ពិធីការិនីដ៏ជំនាញ នៅតាមស្ថានីយទូរទស្សន៍វិទ្យុ និងតាមកម្មវិធីប្រគំតន្រ្តីនានា ។

ថ្លែងសន្ទរកថាក្នុងឱកាសនេះ លោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានសម្តែងសេចក្ដីសោមនស្សរីករាយយ៉ាងជ្រាលជ្រៅដែលបានចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញ ពិធីករ ពិធីការិនី ដល់បងប្អូនមានពិការភាពភ្នែក និងកាយសម្បទានៅសមាគមតន្រ្ដីសំនៀងជនពិការ ដែលមានសិក្ខាកាមសរុបចំនួន ៧៣នាក់។

លោកបន្តថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិក្រោមការដឹកនាំរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកំពុងនឹងអភិវឌ្ឍឈានទៅមុខជាបន្តបន្ទាប់ ក្នុងការបម្រើវិស័យសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងការអភិវឌ្ឍនេះដែរ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានកំពុងនឹងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយផ្ដោតទៅលើមន្រ្ដីវ័យក្មេង តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ពួកគេសំដៅធ្វើយ៉ាងណាឲ្យមន្រ្ដីវ័យក្មេងមានសមត្ថភាពគ្រប់គ្រាន់ និងជាសក្ដានុពលដ៏រឹងមាំរបស់ទូរទស្សន៍ជាតិកម្ពុជា ក្នុងការឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាសម័យទំនើបនៃយុគសម័យបច្ចេកវិទ្យា ៤.០ ដែលកំពុងដំណើរការជុំវិញពិភពលោក។

លោកបានបន្តទៀតថា ទូរទស្សន៍ជាតិកម្ពុជា តែងតែចូលរួមចែករំលែកចំណេះដឹង និងផ្ដល់ឱកាសដល់បងប្អូនមានពិការភាពបានបង្ហាញសមត្ថភាពក្នុងកម្មវិធីសិល្បៈកំសាន្ដ និងចូលរួមប្រទ្បងមហោស្រពតន្រ្ដីចម្រៀងសម័យថ្នាក់ជាតិនាពេលកន្លងមកផងដែរ។

លើសពីនេះ ទូរទស្សន៍ជាតិកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយលើកកម្ពស់ គាំទ្រ និង លើកទឹកចិត្តដល់បងប្អូនជនមានពិការភាព សំដៅផ្តល់កាលានុវត្តភាព និងសិទ្ធិអំណាចគ្រប់គ្រាន់ ក្នុងការចូលរួមគ្រប់សកម្មភាពសង្គម រួមមានវិស័យអប់រំ ការងារ មុខរបរ ថែទាំសុខភាព នយោបាយសិល្បៈ កីឡា និងសេវាសង្គមនានា ដោយស្មើភាព ស្មើសិទ្ធិ បរិយាបន្ន និងសេចក្តីថ្លៃថ្នូរ ក្នុងសង្គម ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍលើវិស័យពិការភាពឱ្យបានខ្លាំងក្លាថែមទៀត។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នៅក្នុងវគ្គបណ្តុះបណ្តុះបណ្តាលនឹងទទួលបាននូវចំណេះដឹង និងជំនាញពិតប្រាកដប្រកបដោយវិជ្ជាជីវៈ ដែលអ្នកជំនាញផ្តល់ជូននៅពេលនេះ ហើយតាមរយៈចំណេះដឹង ដែលទទួលបាននេះ នឹងធ្វើឲ្យសកម្មភាព និងសំឡេងរបស់បងប្អូនជនពិការ ដែលជាពិធីករ ពិធីការនី កាន់តែមានជំនាញច្បាស់លាស់ និងកាន់តែមានសកម្មភាពរស់រវើកនៅក្នុងសង្គមជាតិយើង និងធ្វើឲ្យការលើកស្ទួយសិទ្ធិសេរីភាព ការងារ និងមុខរបររបស់បងប្អូនជនពិការសម្រេចបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

សូមបញ្ជាក់ជូនថា នៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញពិធីករ ពិធីការិនី ដល់ជនមានពិការភាពភ្នែក កាយសម្បទា ដែលរៀបចំឡើងដោយសមាគមតន្រ្ដីសំនៀងជនពិការនេះ មានរយៈពេលចំនួន ៧ថ្ងៃ ចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២៕