(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។

«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។

«ភូមិកុមារ SOS ព្រៃវែង» មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះអាហារូបត្ថម្ភ ១ខ្នង កម្ពស់ ២ជាន់ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ១ខ្នង។

«ភូមិកុមារ SOS ព្រៃវែង» បានចាប់ផ្តើមបើកឱ្យកុមារចូលស្នាក់នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្នមានកុមារកំពុងស្នាក់នៅ ២៧នាក់ ក្រោមការថែទាំរបស់អ្នកម្តាយ ៥នាក់ និងបុគ្គលិក ១០នាក់។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា «ភូមិកុមារ SOS ព្រៃវែង» ជាភូមិមួយរបស់អង្គការ «ភូមិកុមារ SOS កម្ពុជា» ដែលបាននិងកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា អង្គការ «ភូមិកុមារ SOS អន្តរជាតិ» បានចាប់ផ្តើមធ្វើការជាមួយកម្ពុជាកាលពីឆ្នាំ១៩៩៩។ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គការភូមិកុមារ SOS បានកសាងភូមិកុមារនៅកម្ពុជាចំនួន ៧កន្លែង នៅតាមបណ្តារាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និងខេត្តព្រៃវែង។

លោក វង សូត បានឱ្យដឹងផងដែរថា ក្រៅតែពីកសាងភូមិកុមារ ដើម្បីផ្តល់ការស្នាក់នៅ និងផ្តល់ការថែទាំសម្រាប់រយៈពេលវែងហើយនោះ អង្គការមនុស្សធម៌មួយនេះ ក៏បានអនុវត្តគម្រោងមួយចំនួនទៀតមានដូចជា៖ កម្មវិធីពង្រឹងគ្រួសារតាមសហគមន៍, ការបង្កើតផ្ទះសម្រាប់យុវជន, ការបង្កើតមត្តេយ្យសាលា និងសាលារៀន ហ័រម៉ាន ម៉ៃន័រ, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងមជ្ឈមណ្ឌលសង្គមកិច្ច។

បើតាមលោករដ្ឋមន្ត្រី គម្រោងខាងលើនេះ បានផ្តល់ឱកាសការងារដល់អ្នកគ្រប់គ្រង បុគ្គលិក អ្នកម្តាយថែទាំកុមារ លោកគ្រូ អ្នកគ្រូ សរុប ៣៤៥នាក់ និងបានផ្តល់សេវាដល់កុមារ និងយុវជនកំពុងស្នាក់នៅសរុប ៧៥៥នាក់ ព្រមទាំងបានផ្តល់ឱកាសសិក្សាដល់សិស្សចំនួន ១,៤៩៦នាក់។ ក្នុងការអនុវត្តគម្រោងកន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្នុងនាមជាសមាជិកភាពនៃភូមិកុមារ SOS ក៏បានផ្តល់ភាគទានចំនួន ១ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំផងដែរ។

លោករដ្ឋមន្ត្រី វង សូត បានឱ្យដឹងបន្ថែមទៀតថា សម្រាប់គម្រោងប្រតិបត្តិការរយៈពេល៥ឆ្នាំបន្ត នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២០-២០២៥ អង្គការភូមិកុមារ SOS គ្រោងនឹងចំណាយថវិកាក្នុងរង្វង់ ២៥លានដុល្លារអាមេរិក។ អង្គការ ក៏មានគម្រោងបង្កើតភូមិកុមារទី៨ នៅក្នុងខេត្តត្បូងឃ្មុំផងដែរ៕