(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជាថា ចំពោះបញ្ហាដែលជាកង្វល់នានាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកមតិយោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បើទោះជាមិនអាចបំពេញចិត្តគ្រប់ភាគីទាំងអស់ ប៉ុន្តែអាចទទួលយកបាន ហើយបង្កើតបាននូវសុខដុមនីកម្មទំនាក់ទំនងវិជ្ជាជីវៈ។

ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង ជាមួយលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា តាមប្រព័ន្ធ Microsoft Team នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីធ្វើបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ និងបញ្ហាមួយចំនួនដែលជាលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ។

លោករដ្ឋមន្រ្តីបានជម្រាបជូនពីការខិតខំរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិរបស់ ILO គោលនយោបាយ ច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន១៣របស់ ILO រួមទាំងអនុសញ្ញាស្នូលចំនួន៨ផងដែរ។ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌការងារនៅកម្ពុជាបានអនុវត្តល្អប្រសើរស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានអន្តរជាតិស្តីពីការងារ។

ពាក់ព័ន្ធជាមួយនឹងការខិតខំពង្រឹងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ក្រសួងបានសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព សម្រួលនីតិវិធីនៃការរក្សាបញ្ជិកា សម្រួលលក្ខខណ្ឌស្នើសុំទទួលស្គាល់ភាពជាតំណាងបំផុត លើកកម្ពស់សិទ្ធ និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឱ្យកាន់តែច្បាស់លាស់ ដោយបន្ថែមការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម។

ទន្ទឹមនឹងនេះ ក្រសួងបានចេញប្រកាសចំនួន៨ ដើម្បីសម្រួលដល់ការអនុវត្តស្តីពីសហជីព ជាពិសេសការចុះបញ្ជីសហជីព ការទទួលស្គាល់ភាពជាតំណាងបំផុត និងសិទ្ធិសហជីពភាគតិចក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាលទ្ធផលគិតត្រឹមខែមករា ឆ្នាំ២០២២ អង្គការវិជ្ជាជីវៈបានចុះបញ្ជីសរុបចំនួន៥,៧៧៣ ក្នុងនោះឆ្នាំ២០២១ មានចំនួន២៦២។ ចំពោះការខិតខំក្នុងទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម រួមទាំងការងារដោយបង្ខំ គឺក្រសួងបានផ្តោតអាទិភាពខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ និងពង្រឹងយន្តការការងារ តាមរយៈអធិការកិច្ចការងារ និងការសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរហូតមកដល់ពេលនេះយើងអាចទប់ស្កាត់បានមិនឱ្យមានការងារដោយបង្ខំទេ ហើយការប្រើប្រាស់ពលម្មកុមារក៏ត្រូវបានទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងថា «ចំពោះបញ្ហាដែលជាកង្វល់នានា ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកមតិយោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បើទោះជាមិនអាចបំពេញចិត្តគ្រប់ភាគីទាំងអស់ ប៉ុន្តែអាចទទួលយកបាន ហើយបង្កើតបាននូវសុខដុមនីកម្មទំនាក់ទំនងវិជ្ជាជីវៈ»។

ចំពោះករណីបាតុកម្មដោយអតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា ក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍភាពនៃការខិតខំដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅរកផ្លូវចរចាបញ្ចប់ករណីនេះដោយសន្តិវិធីផងដែរ។ បញ្ហាទាមទារនានានឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ និងនីតិវិធីនៃការដោះស្រាយវិវាទការងារជាធរមាន៕