(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានប្តេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការរឹងមាំ និងស្អិតរមួតជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រកាសគាំទ្រកម្ពុជាឱ្យសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

ការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ធនាគារពិភពលោក បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យ លោកស្រី Manuela V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី Manuela V.Ferro បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា និងចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបើកដំណើរការប្រទេសឡើងវិញ។

លោកស្រី បានជម្រាបជូនសម្តេចតេជោ អំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួតជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើជំហានដ៏ស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបដល់ លោកស្រី Manuela V.Ferro អំពីអភិក្រមផ្ការីក ក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា ហើយមានប្រសាសន៍ថា ការចាក់ស្រោចវ៉ាក់សាំងនេះ មិនមែនត្រឹមតែជាការជួយដល់ប្រជាពលរដ្ឋកម្ពុជានោះទេ ហើយក៏ជាការជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាភាពជាដៃគូល្អ ហើយអ្វីដែលធនាគារពិភពលោក អាចបន្តធ្វើទៀតនោះ គឺជំរុញភាពជាដៃគូឱ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

សម្តេចបានជម្រាបអំពីអ្វីដេលកម្ពុជាចង់ បាន ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នោះគឺចង់ឱ្យអាស៊ានបង្កើតនូវស្ថានភាពអំណោយផល បំពេញឱ្យគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌអាស្តារ និងក្របខណ្ឌអាស៊ានបូក៥ ក៏ដូចជាចង់ឱ្យរបៀងធ្វើដំណើរនៅក្នុងតំបន់អាស៊ានមានលំហូរល្អផងដែរ៕