(ភ្នំពេញ)៖ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»។

សិក្ខាសាលានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស ដោយមានការចូលរួមពីតំណាងអង្គការ មិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា និងតំណាងមកពីក្រសួងមហាផ្ទៃ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ១៧៨នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងស្របតាមការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ពាក់ព័ន្ធនឹងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហើយការអនុវត្តកាតព្វកិច្ចនេះ ក៏ឆ្លើយតបទៅនឹងស្តង់ដាររបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF) ផងដែរ។

សិក្ខាសាលាបានផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីពង្រឹងការយល់ដឹងអំពីខ្លឹមសារ និងក្របខ័ណ្ឌគតិយុត្តិ នៃច្បាប់នេះដល់បុគ្គលរាយការណ៍ ដែលជាអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា និងជំរុញឱ្យពួកគេអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ក្នុងន័យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ អនុវត្តវិធានការបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សិក្ខាកាមបានពិភាក្សា និងផ្លាស់ប្តូរមតិ ដោយផ្តោតលើនីតិវិធីរបស់កម្ពុជា ជាពិសេសបុគ្គលរាយការណ៍ ក្នុងការអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។

នៅចុងបញ្ចប់នៃសិក្ខាសាលា សិក្ខាកាមត្រូវបានលើកទឹកចិត្តឱ្យជួយផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយដល់សហការី និងសាធារណជន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារនេះ៕