(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន បានសម្តែងក្តីរីករាយ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន បានជា បន្តបន្ទាប់ ជាពិសេស ការចូលរួម ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។

លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗសម្រាប់អនុវត្តបន្ត ចំនួន ៩ចំណុច រួមមាន៖

* ទី១. ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
* ទី២. ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
* ទី៣. ការគ្រប់គ្រង ធនធានធម្មជាតិ និងការដោះស្រាយ វិទាទដីធ្លី
* ទី៤. ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន
* ទី៥. ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
* ទី៦. ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម
* ទី៧. ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន
* ទី៨. ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩
* និងទី៩. ការពង្រឹងរបៀបរបបការងារ៕