(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានតាមស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ និងយកទ្រព្យជាអចលនវត្ថុឯកជន របស់រដ្ឋទៅលក់ដូរ ជាមួយបក្ខពួករបស់ខ្លួនមួយចំនួនទៀតមានទាំងមេឃុំ និងមន្រ្តីអាវុធហត្ថផងដែរ។

មន្រ្តីនគរបាលខេត្តកំពង់ធំ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ។

តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ឆាយ សុត្រា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ អ៊ុត លន់ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាជនសង្ស័យ)។
*ទី២៖ ឈ្មោះ ឡុញ ញាញ់ ភេទប្រុសអាយុ៥៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិសិរីសាមគ្គី ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ (ជនសង្ស័យ)។

ដីការបស់ព្រះរាជអាជ្ញារងរូបនេះ បានបញ្ជាឱ្យជនសង្ស័យទាំង២នាក់ ចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការឱ្យបានមុនថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីករណៈ «ក្លែងបន្លំ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង រំលោភយកទ្រព្យជាអចលនវត្ថុឯកជនរបស់រដ្ឋ និងសុំឱ្យផ្តល់ ឯកសារដោយទុច្ចរឹត»។ ក្នុងករណី រឹងរូសអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្គំជននោះឱ្យចូលបង្ហាញខ្លួន។

សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលនាំយកទៅសួរនាំដើម្បីចាត់ការបន្តទៀត តាមនីតិវិធី៕