(ត្បូងឃ្មុំ)៖ លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

ការចុះបង្ក្រាបនេះ យោងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាព នៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។

រថយន្តទាំង៤គ្រឿងនោះរួមមាន៖ រថយន្តម៉ាក Lexus 570 ចំនួន ០១ គ្រឿង, រថយន្តម៉ាក Lexus Rx 330 ចំនួន ០២ គ្រឿង និងរថយន្តម៉ាក Lexus Rx 400H ចំនួន០១គ្រឿង។

មន្ត្រីគយបានឲ្យដឹងថា ទន្ទឹមនឹងសកម្មភាពបង្ក្រាបនេះដែរ ក៏មានម្ចាស់រថយន្ត ម៉ាក Lexus Rx 330 ពណ៌ ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6235 មិនយល់ពីទោសកំហុសរបស់ខ្លួន ដែលពាក់ស្លាកលេខរថយន្ត ក្លែងក្លាយ បន្លំសមត្ថកិច្ច ហើយមានអាកប្បកិរិយាមិនសមរម្យបង្កការរាំងស្ទះ នៅពេលសមត្ថកិច្ចចុះបង្ក្រាប។ មន្ត្រីគយក៏បានបញ្ជូនជននេះទៅតុលាការ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ផងដែរ។

បច្ចុប្បន្នរថយន្តទាំងអស់ បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើងរបស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី៕