(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួប លោក Clemens Nepomuk Feigl ប្រធាន និងជាសហស្ថាបនិកក្រុមហ៊ុន Everwave GmbH, លោកបណ្ឌិត Tilman Petter Flöhr ប្រធានផ្នែក បច្ចេកទេស និងជាសហស្ថាបនិក Everwave GmbH និងលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ River Ocean Cleanup និងក្រុមការងារ ដើម្បីពិភាក្សាការងារលើយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។

លោក Clemens Nepomuk Feigl បានថ្លែងនូវសេចក្តីរីករាយដែលបានជួបសម្តែងការគួរសមជាមួយលោករដ្ឋមន្រី្តក្រសួងទេសចរណ៍ និងមានឱកាសបង្ហាញយុទ្ធនាការ សម្អាតទន្លេជាប្រវត្តិសាស្ត្រនេះ។ យុទ្ធនាការនេះនឹងប្រើប្រាស់ទូក CollectiX ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។ សំរាមដែលប្រមូលបាននឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup រួចសំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។

លោក Clemens Nepomuk Feigl បានបញ្ជាក់ថា យុទ្ធនាការនេះមានសកម្មភាពគោលចំនួន៦ ដែលមានដូចខាងក្រោម៖

* ទី១៖ ការសម្អាតទន្លេ ប្រើប្រាស់ទូកប្រមូលសំរាម CollectiX ដើម្បីប្រមូលសំរាមប្លាស្ទីក និងសំរាមដែលអណ្តែតទឹកដទៃទៀតចេញពីទន្លេ។

* ទី២៖ ការសម្អាតតាមច្រាំងទន្លេ សកម្មភាពសម្អាតដោយមនុស្សតាមច្រាំងប្រមាណ ២០០ម៉ែត្រពីទន្លេ ដើម្បីទប់ស្កាត់កុំឱ្យសំរាមធ្លាក់ចូលទៅក្នុងទន្លេ។

* ទី៣៖ ការកែច្នៃសំរាម សំរាមដែលប្រមូលបាននឹងត្រូវបានយកទៅកែច្នៃដោយក្រុមហ៊ុន ជីប ម៉ុង Ecocycle និងអ្នកកែច្នៃសំរាមដទៃទៀត សម្រាប់ជាដំណោះស្រាយ យូរអង្វែង។

* ទី៤៖ ការអប់រំ យុទ្ធនាការនេះនឹងអប់រំអំពីការរស់នៅប្រកបដោយចីរភាព ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេ និងសិស្សានុសិស្ស។

* ទី៥៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ យុទ្ធនាការនេះនឹងជម្រុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការរស់នៅប្រកបដោយចីរភាព។ យុទ្ធនាការនេះនឹងសិក្សា ទៅលើហេដ្ឋារចនាសម្ព័ន្ធសំរាមដែលមានសព្វថ្ងៃ និងផ្តល់ជាអនុសាសន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធសំរាម។

* ទី៦៖ ការរឹតបន្តឹងការអនុវត្តច្បាប់ទាក់ទងនឹងសំរាម គម្រោងនេះនឹងរៀបចំជាសិក្ខាសាលាជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកំណត់នូវបញ្ហាប្រឈម ដែលរាំងស្ទះការអនុវត្តច្បាប់ កត្តាជម្រុញឱ្យអាជ្ញាធររឹតបន្តឹងច្បាប់ និងគាំទ្រនូវកាអភិវឌ្ឍគម្រោងរឹតបន្តឹងច្បាប់។

លោក ថោង ខុន ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាសសង្គម Everwave និងអង្គការ River Ocean Cleanup ដែលបានរៀបចំយុទ្ធនាការ សម្អាតទន្លេនេះឡើង ដែលជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងការធ្វើឲ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការ ប្រឡងប្រណាំង ទីក្រុងស្អាតនៅកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា យន្តការប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានបង្កើត និងដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១១ មកដល់បច្ចុប្បន្នទទួលបានការគាំទ្រ និងមានភាពរីកចម្រើនច្រើនគួរជាទីមោទនៈ ដែលពីមុនយន្នការគ្រប់គ្រងសំណល់ភាគច្រើនគឺនៅលើគោក តែឥឡូវនេះបានសហការជាមួយ Everwave និង River and Ocean Cleanup ធ្វើការសម្អាតសំរាមក្នុងទឹកតាមដងទន្លេបន្ថែមទៀត ដែលទាំងនេះមិនត្រឹមតែជាការសម្រេចបានក្តីសុបិន្តមួយ ក្នុងការពារបរិស្ថានក្នុងទឹក និងលើផ្ទៃទឹក ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ តែក៏ជាសារមួយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំរាម ទាំងលើគោក និងផ្ទៃទឹកផងដែរ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវឱ្យក្រុមការងារបន្តបេសកកម្មសម្អាតទន្លេនេះរយៈពេលវែង និងមិនត្រឹមតែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺត្រូវបន្តទៅខេត្ត ឬតំបន់ដែលមានទេសចរណ៍ប្រមូលផ្តុំ ដូចជាតំបន់ចុងឃ្នាស ខេត្តសៀមរាប និងខេត្តជាប់ទន្លេផ្ និងសមុទ្រផ្សេងៗទៀត ដើម្បីចូលរួមជំរុញភាពស្អាត និងបៃតងនៅ តាមដងទន្លេ និងសមុទ្រនដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យជិះទូក ឬធ្វើសកម្មភាពទេសចរណ៍តាមទន្លេ និង សមុទ្រឲ្យកាន់តែច្រើនថែមទៀតផងដែរ៕