(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានស្នើដល់អភិបាលរាចធានីខេត្តទាំងអស់ ជំរុញផ្សព្វផ្សាយពីយុទ្ធនាការជាតិក្រោមប្រធានបទ «កូវីដ-១៩បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំង ជាងមុនអាចបណ្តាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ» ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគម ន៍។ នេះបើតាមលិខិតរបស់ លោករដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ អភិបាលរាជធានី-ខេត្តទាំងអស់ថា រហូតមកដល់ពេលនេះវីរុសកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តឆ្លងរីករាលដាលក្នុងសហគមន៍ ដោយកម្ពុចានៅតែរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ហើយក្នុងនោះក៏មានករណីឈឺធ្ងន់ សម្រាកពេទ្យ និងករណីស្លាប់មួយចំនួនដែរក្នុងចំណោម ក្រុមអ្នកងាយរងគ្រោះ និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩។

លោកអះអាងថា យុទ្ធនាការអប់រំផ្សព្វផ្សាយអំពី វិធានការការពារជំងឺកូវីដ-១៩ បានធ្វើឡើងយ៉ាងច្រើនក្នុងរយៈពេលកន្លងមក ដោយមានការចូលរួមយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបានទទួលជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ចម្លងកូវីដ-១៩ នៅសហគមន៍ក្នុងពេលកន្លងមកប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែនៅពេលដែលព្រឹត្តិការណ៍សហគមន៍ នាឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ព្រមជាមួយការដំណើរការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និង សង្គមនានា ប្រជាពលរដ្ឋមួយចំនួនហាក់ធ្វេសប្រហែស ភ្លេចខ្លួនក្នុងការអនុវត្តវិធានការសុខាភិបាល ត្រឹមត្រូវ និងម៉ត់ចត់ ដែលជាឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ ធ្វើចរាចរយ៉ាងសកម្ម បង្កឱ្យមានការ ចម្លងជំងឺកូវីដ-១៩ ឡើងវិញសារជាថ្មី។

លោកបានបញ្ជាក់ថា វត្តមានរបស់វីរុសកូវីដ-១៩ បំប្លែងថ្មី នៅក្នុងពិភពលោកបង្ហាញថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែមិនទាន់បញ្ចប់បាននៅឡើយ ហើយនៅតជាហានិភ័យសុខភាពសាធារណៈសម្រាប់បណ្តាប្រទេសទាំងអស់ទោះបីជាប្រទេសមួយចំនួន បានបន្ធូរបន្ថយវិធានការសុខាភិបាលមួយចំនួនហើយក៏ដោយ។ ដូច្នេះ យុទ្ធនាការអប់រំផ្សព្វ ផ្សាយជាបន្តនាពេលនេះ នៅតែមានសារសំខាន់បំផុតដើម្បីឈានទៅសម្រេចបានការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាព របស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានវីរុសកូវីដ-១៩។ ក្នុងន័យនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីនេះឱ្យបានឆាប់បំផុត សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញសារាចរណែនាំដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ គណៈអភិបាលរាជធានី-ខេត្ត យន្តការដែលមានការពាក់ព័ន្ធទាំងអស់ បន្តអប់រំផ្សព្វផ្សាយដល់ ប្រជាជនអំពីហានិភ័យនៃជំងឺកូវីដ-១៩ និងជំរុញការអនុវត្តវិធានការ "៣ការពារ និង៣កុំ និងចាក់វ៉ាក់ សាំងកូវីដ-១៩»។

អនុលោមតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានេះ អនុគណៈកម្មការអប់រំបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានរៀបចំបន្តធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ «កូវីដ-១៩បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំង ជាងមុនអាចបណ្តាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ» ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធ ជាពិសេស អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុង ស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឱ្យមាននិរន្តរភាពនៃការរស់នៅ ជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីផងដែរ។

លោកបានបញ្ជាក់ទៀតថា លើសពីនេះ យុទ្ធនាការនាពេលនេះ ក៏ក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នរបស់ បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការបន្តប្រកាន់ ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ព្រមទាំងទទួលយកការវ៉ាក់សាំងឱ្យបានឆាប់បំផុត ទាំងដូសមូលដ្ឋាន និងដួសជំរុញ ដើម្បីទប់ស្កាត់នូវហានិភ័យធ្ងន់ធ្ងរដល់សុខភាព ដល់ដំណើរការ សង្គម និងសេដ្ឋកិច្ច។

លោក៏បានស្នើអភិបាល រាជធានី-ខេត្តទាំងអស់ចាត់ចែងរៀបចំ និងចូលរួមជំរុញយុទ្ធនាក្រោមប្រធានបទដូចបានបញ្ជាក់ជូនខាងលើនេះស្រាប់ ចាប់ពីពេលនេះតទៅ ដោយរៀបចំសកម្មភាពអប់រំផ្សព្វផ្សាយជាប្រចាំតាមការណែនាំរបស់ អ.ប.ទ ដូចជាការបិទតាំងបដា រូបភាពផ្ទាំងធំ តាមទីតាំងសំខាន់ៗក្នុងខេត្ត ស្រុក ឃុំ ភូមិ ការផ្សព្វផ្សាយសារយុទ្ធនាការតាមបណ្ដាញសង្គម និងបណ្តាញផ្សព្វផ្សាយក្នុងខេត្ត ការផ្សព្វផ្សាយ តាមឧបករណ៍បំពងសំឡេង និងការចុះអប់រំផ្សព្វផ្សាយដោយប្រើសារដែលបានបង្កើតឡើងដោយក្រុម ការងារ អ.ប.ទ (ដូចមានជូនភ្ជាប់ក្នុង Link https://youtu.be/uQKx5Z2pFV4) ព្រមទាំងចុះត្រួតពិនិត្យផ្ទាល់ និងលើកទឹកចិត្តប្រជាជនឱ្យបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» នៅតាមទីតាំង ដែលមានហានិភ័យ ដូចជាទីផ្សារ ទីតាំងដែលមានមនុស្សច្រើន ប្រជុំជន ភោជនីយដ្ឋាន រោងច សាលារៀនជាដើម និងជំរុញគាំទ្រឱ្យប្រជាពលរដ្ឋមកទទួលយកការចាក់វាក់សាំងកូវីដ-១៩ ដល់ប ប្រជាជនគោលដៅឱ្យបានលឿនផងដែរ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសអំពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៤៥នាក់ ក្នុងនោះករណីនាំចូលចំនួន៣០នាក់ និងឆ្លងក្នុងសហគមន៍១១៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣២៤នាក់ និងគ្មានអ្នកស្លាប់ទេ។ គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,២១៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៩,២៩២នាក់, ស្លាប់សរុបចំនួន ៣,០៤៧នាក់៕

ខាងក្រោមនេះជាលិខិតរបស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖