(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា «ទិវាវប្បធម៌ជាតិ» បានក្លាយទៅជាផ្នែកមួយនៃតំណរអារ្យធម៌ដ៏រុងរឿងរបស់មហានគរខ្មែរនាសម័យអង្គរ ហើយក៏ជាកិត្តិយសរបស់ប្រជាជនយើងគ្រប់ៗរូប ដែលបានកើតមកជាជនជាតិខ្មែរ នៅលើទឹកដីដ៏ស្រស់បវរដែលមានវប្បធម៌ដ៏ សម្បូរបែប ដែលបុព្វបុរសខ្មែរបានកសាងឡើងពីមួយជំនាន់ទៅមួយជំនាន់ និងបានបន្សល់ទុកជាមរតកមកដល់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយដូចសព្វថ្ងៃ។

ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

នាឱកាសនោះដែរ លោកអភិបាលខេត្តបានបន្តថា «ទិវាវប្បធម៌ជាតិ» ដែលបានប្រារព្ធរៀបចំជាទៀងទាត់ ចាប់ពីឆ្នាំ១៩៩៩ មក គឺបម្រើឱ្យគោលដៅចម្បងដើម្បីរំលឹកដល់គុណូប្បការៈរបស់បុព្វបុរសខ្មែរយើង និងដើម្បីស្តារវប្បធម៌ជាតិឡើងវិញ ដែលជាសក្តានុពលដ៏សំខាន់មួយមិនអាចមើលរំលងបាន សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោក គង់ សោភ័ណ្ឌ បានលើកឡើងទៀតថា ពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ដែលបានប្រារព្ធធ្វើពេលនេះ គឺជាចំណុចវិជ្ជមានថ្មីមួយទៀត បន្ទាប់ពីបានអាក់ខានក្នុងការរៀបចំដោយផ្ទាល់១លើក កាលពីឆ្នាំ២០២១កន្លងទៅ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ ពិសេសការអូសបន្លាយពេលដ៏យូរនៃព្រឹត្តិការណ៍ ២០ កុម្ភៈ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងនៃសុខសន្តិភាពដែលបាននាំមកយកយ៉ាងលំបាកក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំតស៊ូដឹកនាំកម្ពុជា ពីបាតដៃទទេ រហូតដល់ទទួលបានការរីកចម្រើន សម្បូរសប្បាយដូចសព្វថ្ងៃនេះ។ ព្រមទាំងនៅតែបន្តរីកចម្រើនទៅមុខជាលំដាប់ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្ដេចតេជោ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់កម្ពុជា នាពេលអនាគតដែលគណបក្សប្រជាជនកម្ពុជា មានសម្រេចជ្រើសរើសលោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាធនធានមនុស្សដ៏មានសក្ដានុពលបំផុតរបស់កម្ពុជា និងមានសមត្ថភាពខ្ពង់ខ្ពស់ផងដែរ។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោកអភិបាលខេត្តក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ កុំយកពេលវេលាដ៏មានអត្ថន័យទៅចំណាយលើរឿងឥតប្រយោជន៍ ប៉ុន្តែត្រូវខិតខំស្រាវជ្រាវ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានសក្ដានុពល ប្រកួតប្រជែងនឹងយុវជនបរទេសធ្វើយ៉ាងណាឱ្យខ្លួនមានចំណេះដឹងខ្ពស់ និងសមប្រកបដោយគុណធម៌ សុជីវធម៌ សីលធម៌ខ្ពស់ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនឡើង ក្នុងទិសដៅប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ខាងមុខ។

ទាំងនេះអាចទៅមុខបានក៏អាស្រ័យដោយការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺយុវជនយើងតែម្ដង ត្រូវតែខ្លាំង ត្រូវតែរឹងមាំទាំងប្រាជ្ញាស្មារតី ចំណេះដឹង ប្រកបដោយសុជីវធម៌ និងគុណធម៌ សក្ដិសមជាកូនខ្មែរអ្នកសេ្នហាជាតិ សមជាកុលបុត្រ កុលធីតាខ្មែរ ពូជអ្នកសាងអង្គរវត្តដ៏រុងរឿង៕