(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

ក្នុងសារលិខិត បានសរសរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានក្តីក្កុកក្ដួលរំជួលចិត្តឥតឧបមា ស្រណោះអាឡោះអាល័យ យ៉ាងខ្លាំងដោយបានទទួលដំណឹងថា មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលត្រូវជាឪពុកបង្កើតរបស់ លោកស្រី អ៊ឹង ម៉េងហួរ, លោកឧកញ៉ា លឹម រស់, លោកឧកញ៉ា លឹម ប៊ុនសួរ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ, លោក លឹម ប៊ុនហាក់ និង លោក លឹម ប៊ុនហៀក បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ នៅវេលាម៉ោង ៣៖០៦នាទី ទាបភ្លឺ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសេចក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ អគ្គមហាឧបាសក លឹម ឈុន គឺជាការបាត់បង់ដ៏ធំធេងនូវឪពុក ឪពុកក្មេក ជីតា ជីតាទួត ដែលប្រកបដោយសង្គហធម៌ដ៏ល្អ និងពោរពេញដោយព្រហ្មវិហារធម៌
មិនចេះរីងស្ងួតចំពោះកូន កូនប្រសារ និងចៅៗ ចៅទួតទាំងអស់ជាទីស្រលាញ់ និងជាការបាត់បង់នូវពុទ្ធបរិស័ទមួយរូបដែលតែងមានទឹកចិត្តមហាសប្បុរស និងជ្រះថ្លាក្រៃលែងក្នុងការចូលរួមកសាងនូវសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិផងដែរ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសក លឹម ឈុន សូមបានអញ្ជើញ ចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕