(កំពង់ចាម)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាង៤០០នាក់ បានបន្តចុះពិនិត្យ និងព្យាបាលជូនដល់ប្រជាពលរដ្ឋចំនួន៣,៧៨៩នាក់ ដោយឥតគិតថ្លៃ នៅវិទ្យាល័យ ព្រែកដំបូក ភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋដែលពួកគាត់ត្រូវកំណត់មកចាក់វ៉ាក់សាំង។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយសហការជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ, លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម, លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម, លោក វេជ្ជបណ្ឌិត ជឹម គឹមស្រួន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងក្រុមការងារ។

នាឱកាសនោះអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា សម្រាប់ឆ្នាំ២០២២ ខេត្តកំពង់ចាម ត្រូវបានលោក ហ៊ុន ម៉ានី អនុញ្ញាតឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៤ ។ ក្នុងនោះ លើកទី១ នៅស្រុកកងមាស, លើកទី២ នៅស្រុកស្រីសន្ធរនេះ, និងលើកទី៣ បន្តទៅស្រុកចំការលើ និង លើកទី៤ ចុងក្រោយ គឺស្រុកជើងព្រៃ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា សកម្មភាពខាងលើនោះ បញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត បើទោះបីជា ក្នុងខេត្តកំពង់ចាមមានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកយ៉ាងណាក្តី ប៉ុន្តែតម្រូវការ នៃការពិនិត្យ និងព្យាបាលជំងឺ របស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវតែមានអន្តរាគមន៍បន្ថែមតាមរយៈក្រុមគ្រូពេទ្យជំនាញ មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការពិនិត្យ និងព្យាបាលជំងឺ និងបានសិក្សាមកពីបរទេសផងដែរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា បន្ថែមពីលើការពិនិត្យ និងព្យាបាលជំងឺទូទៅរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំបន្ថែម ក្រុមគ្រូពេទ្យ មួយក្រុមសម្រាប់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋផងដែរ ។

សូមជម្រាបជូនថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

លោក លេង ផាលី បានបញ្ជាក់ថា «ក្នុងរយៈពេល ១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៣ មីនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១ នាក់ (បីពាន់ពីររយសាមសិបមួយនាក់)។ បានចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងខេត្តកំពង់ចាម ចំនួន ០៩លើក សរុប បានចំនួន ៣៧,៣៥៣នាក់(បីម៉ឺនប្រាំពីរពាន់ បីរយហាសិបបីនាក់) ក្នុងនោះស្រ្តីមានចំនួន២៥,៣៦៤នាក់ (ពីរម៉ឺនប្រាំពាន់បីរយហុកសិបបួននាក់) និងបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៣៨២លើក ក្នុងនោះព្យាបាលជូនប្រជាពលបានចំនួន ៥,៥៦៣,៣៤៨នាក់ (ប្រាំលានហាសិបប្រាំមួយម៉ឺនបីពាន់បីរយសែសិបប្រាំបីនាក់) ក្នុងនោះស្ត្រីមានចំនួន ២,៩៤២,៦០២នាក់ (ពីរលានកៅសិបបួនម៉ឺនពីរពាន់ប្រាំមួយរយពីរនាក់)»

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះបានបន្ថែមថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី កំពុងចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ទី២ ទី៣ និងទី៤ ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដោយស្ម័គ្រចិត្ត និងមិនគិតពីថវិកាបេសកកម្មនោះទេ ក្រោមហេតុផលចង់ឃើញបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ និងការពារពីជំងឺកូវីដ១៩។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ១៨៩នាក់, ជំងឺស្ត្រីចំនួន៖២៥៦នាក់, ជំងឺផ្លូវចិត្តចំនួន៖១៥៦នាក់,ជំងឺឬសដូងបាតចំនួន៖១៧៨នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ៩៩នាក់, ជំងឺផ្លូវដង្ហើមចំនួន៖១៧៥នាក់, ជំងឺទឹកនោមផ្អែមចំនួន៖ ៣៥៧នាក់, អេកូសាស្ត្រចំនួន៖១៨៩នាក់, ជំងឺបេះដូងចំនួន៖៨៧នាក់, ជំងឺត្រចៀក និងបំពង់ក៖ ១២៥នាក់, ជំងឺវះកាត់តូចចំនួន៖៦៧នាក់, វិភាគឈាម៖៣២៦នាក់, ជំងឺទូទៅចំនួន៖១៣២៤នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៤៥នាក់ សង្គ្រោះបឋមចំនួន៖២១៦នាក់៕