(ត្បូងឃ្មុំ)៖ លោក ឆាយ វណ្ណា សជិកព្រឹទ្ធសភា និងលោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១២ ខែមីនា ម្សិលមិញ បានប្រគល់បាសាំងទឹកចំណុះ៣,០០០លីត្រ ចំនួន៧ជូនដល់ប្រជាពលរដ្ឋឃុំគរ ខេត្តត្បូងឃ្មុំ ដែលបាសាំងទឹកនេះជាជំនួយពីអង្គការ Nouvelle Optique ប្រទេសបារាំង សហការជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា (CMIA)។

លោក ឆាយ វណ្ណា បានលើកឡើងថា កម្ពុជាមានសុខសន្តិភាពពេញលេញគឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលខិតខំដឹកនាំនាវាកម្ពុជាពីបាតដៃទទេ សល់ពីគំនរផេះផង់ អោយស្គាល់ពីភាពរីកចំរើនលើគ្រប់វិស័យ ជាពិសេសបើកជូនទូលាយនូវការទទួលជំនួយអន្តរជាតិតាមរយៈរដ្ឋាភិបាល ឬតាមរយៈអង្គការ សមាគមន៍នានា មកជួយអភិវឌ្ឍន៍សង្គមជាតិ អភិវឌ្ឍន៍សហគមន៍ ជួយឧបត្ថម្ភដល់ប្រជាជនរស់នៅតាមជនបទ។

លោកបន្តថា រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំកម្ពុជាមានសុខដមនីយកម្មសាសនាល្អបំផុត ,ជាប្រទេសគម្រូមួយលើឆាកអន្តរជាតិ ។ មិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោ ក៏បានចាត់ឲ្យមានការដាក់បញ្ចូលមន្តហរីខ្មែរឥស្លាមរូបណាដែលមានសមត្ថភាពសំរាប់តំណែងជាអភិបាលរងខេត្ត, ស្រុក ,ឃុំ-សង្កាត់ និងថ្នាក់ក្រសួងផងដែរ ដែលនេះជាកាយវិការដ៍វិសេសវិសាលបំផុតរបស់ថ្នាក់ដឹកនាំជាតិមានបេះដូងធំទូលាយល្អ។

លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ លោកហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការនិង សាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា(CMIA)ដែលបានកៀរគររកជំនួយមកជួយអភិវឌ្ឍប្រជាពលរដ្ឋខ្វះ ខាតជាពិសេសបានកសាងបាសាំងទឹក អណ្តូងទឹក នៅតាម សាលារៀនជាច្រើនន្លែងជូន សហគមន៍។

លោកក៏បានផ្តាំផ្ញើរអោយលោកគ្រូអ្នកគ្រូទាំង៥សាលាបឋមសិក្សា ដែលទទួលបានបាសាំងទឹក អោយខិតខំថែរក្សាសមិទ្ធផលនេះប្រើប្រាស់អោយបានយូ រអង្វែង ព្រោះទឹកជាប្រភពនៃជីវិត និង ងាយស្រួលអោយកូនសិស្សសាលាសំអាតធ្វើអនាម័យមុនចូលថ្នាក់រៀន និង អរគុណដល់អង្គការដែលបានជួយ និងស្នើដល់អង្គការបន្តជួយថែមទៀត ព្រមទាំងអរគុណផងដែរចំពោះប្រជាពលរដ្ឋទាំងទៅឃុំគរដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមក និងសូមបន្តគាំទ្រនៅអាណាត្តិក្រោយៗទៀត។

នៅក្នុងមតិ សំណេះសំណាលក្នុងពិធីនេះដែរ លោកស្រីម៉ាត់ ម៉ារ៉ា ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំគរក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយបក្សឃុំគរទាំងអស់ដែលបានខិតខំរួមសាមគ្គីគ្នាធ្វើការងារ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត និងតម្រូវការក្នុងឃុំ ធ្វើការងារជូនពួកគាត់អោយបានលឿនទាន់ពេលវេលា និង អរគុណដល់លោក ហូសេន មហាម៉ាត់ហ្វារីត ដែលបានបន្តជួយក្នុងឃុំគរ ក្នុងនាមជា អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំគរផងដែរនិង ស្នើរដល់អង្គការបន្តជួយដល់ប្រជាជននៅឃុំគរ ជាពិសេសមកចែកកញ្ចប់អាហាស្រាយបួសខែរ៉ម៉ាទនដែលខិតជិតមកដល់នាពេលខាងមុខឆាប់ៗនេះ។

លោកហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធាន អង្គការ សម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា(CMIA) និងក្នុងនាមតំណាងម្ចាស់ជំនួយ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់លោកឆាយ វណ្ណា និងលោកស្រី ម៉ាត់ ម៉ារ៉ា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមជាប្រធានគណៈអធិបតី ក្នុងពិធីប្រគល់បាសាំងទឹកចំនួន៧ ជូនប្រជាពល់រដ្ឋនៅឃុំគរ និងសន្យាបន្តរកជំនួយបន្ថែមទៀតមកជួយតំបន់ផ្សេងៗទៀតតាមតម្រូវការជាក់ស្តែង។

លោកក៏បានថ្លែងអំណរគុណសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ភាពងាយស្រួលជាច្រើនដល់អង្គការសមាគមន៍ក្នុងការទទួលជំនួយនានាមកជួយអភិវឌ្ឍនៅក្នុងសហគមន៍។

គួរជម្រាបថា ក្នុងឱកាសនេះ លោកក៏បានពាំនាំថវិកាសម្រាប់ ឧបត្ថម្ភជូនអ្នកចូលរួមទាំង១០០នាក់ក្នុងម្នាក់ៗទទួលបាន២០,០០០រៀល, ឧបត្ថម្ភ សាលាឃុំ គរចំនួន ២០០,០០០រៀល., ឧបត្ថម្ភសាលាបឋមសិក្សាក្បាលបឹងសេះ ចំនួន២០០,០០០រៀល ឧបត្ថម្ភ ប្រជាការពារ ៥នាក់ក្នុងម្នាក់ៗ២០,០០០រៀល ឧបត្ថម្ភប្អូនៗកាន់ខ្សែបូរចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀលផងដែរ៕