(ភ្នំពេញ)៖ លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសំណូមពរដល់អ្នកមានបញ្ហាបំណុល សូមកុំប្រើវិធីសាស្ត្រ រកបំណុលមកដោះបំណុល ដែលធ្វើឲ្យបំណុលការប្រាក់ កាន់តែកើនឡើង ដែលឈានទៅដល់ បំណុលវ័ណ្ឌករ។

ក្នុងកិច្ចពិភាក្សាស្ដីពី វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ «ការទប់ស្កាត់បំណុលច្រើនលើសលុប និងយន្ដការការពារអតិថិជន» ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនណា បើអតិថិជនមានបញ្ហាបំណុលច្រើន សូមកុំឲ្យស្វែងរកបំណុលបន្ថែមទៀត ដើម្បីមកដោះបំណុល គួរតែអង្គុយជជែករកដំណោះស្រាយសិន ហើយកុំព្យាយាមរកកន្លែងផ្សេងទៀត ដើម្បីដោះបំណុល ដែលធ្វើឲ្យបំណុលការប្រាក់ កាន់តែកើនឡើង ដែលឈានទៅដល់បំណុលវ័ណ្ឌ.ក»

លោកបន្ដថា បញ្ហាដែលកើតមានឡើង សូមអង្គុយជជែកគ្នាដោយភាតរភាព រវាងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ថាតើមាន បញ្ហាអ្វីបង្ហាញឲ្យធនាគារឲ្យយល់អស់ ដើម្បីឲ្យខាងធនាគាររកដំណោះស្រាយជូន។ ធនាគារតែងតែមានដំណោះស្រាយជូនអតិថិជនជានិច្ច ប្រសិនណាខាងធនាគារទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ, ច្បាស់ការណ៍ និងត្រឹមត្រូវ។

លោក ឡេង សេងឡន អនុប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា អតិថិជនដែលត្រូវការប្រើសេវាកម្មកម្ចី ឬមួយក៏សេវាកម្មផ្សេងៗ របស់គ្រឹះស្ថានហិរញ្ញវត្ថុ គួរតែព្យាយាមសិក្សាស្វែងយល់អំពីលក្ខខណ្ឌតម្រូវផ្សេងៗ ក្នុងការទទួលបានសេវាកម្ម ដែលផ្តល់ជូន ដល់គ្រឹះស្ថាននៅក្នុងប្រព័ន្ធ។

លោក ឡេង សេងឡន បានបន្ថែមថា សូមកុំទៅរកសេវាកម្មក្រៅប្រព័ន្ធ ដោយហេតុគ្រឹះស្ថានក្នុងប្រព័ន្ធ តម្រូវលក្ខខណ្ឌច្រើន ព្រោះការផ្តល់ជូននូវសេវាកម្មក្នុងប្រព័ន្ធ វាមានកិច្ចការពារដោយបទប្បញ្ញត្តិ របស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកិច្ចការពារ ផ្ដល់ជូននូវក្រមប្រតិបត្តិថ្មី៕