(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា ភាពខ្ទេចខ្ទាំដោយសារសង្គ្រាមនៅអ៊ុយក្រែនរំលេចឲ្យឃើញកាន់ច្បាស់ពីតម្លៃខ្ពស់នៃសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

លោក ស្តើង សុខុម បានលើកឡើងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំស្តីពីទិសដៅការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ស្រុកគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសមាជិកអចិន្ដ្រៃយ៍គណបក្សស្រុក អនុ ប្រធានក្រុមការងារយុវជនគណបក្សស្រុក ប្រធានគណបក្សឃុំ ប្រធានក្រុមការងារយុវជនគណបក្សឃុំ គ្រប់ឃុំ ព្រមទាំងមេភូមិគ្រប់ភូមិ សរុបសមាជិកចូលរួមប្រមាណជា ៣០០នាក់ ស្រី ៨៥នាក់។

ថ្លែងទៅកាន់សមាជិក សមាជិកា គណបក្សប្រមាណជិត ៣០០នាក់ លោក ស្តើង សុខុម ក្នុងនាមសមាជិកគណៈកម្មាធិការកណ្ដាល និងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំ ភូមិ និងសមាជិក សមាជិការ គណបក្សដែលបានខិតខំរក្សានូវកិត្យានុភាពរបស់ គណបក្សឲ្យមានភាពរឹងមាំនិងទទួលបានជោគជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ។

នាឱកាសនោះ លោក ស្តើង សុខុម បានលើកឡើងនូវទស្សនទានទាក់ទងទៅបញ្ហានយោបាយ និងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិថ្មីៗ ដែលជាមូលដ្ឋានសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការជ្រើសរើសគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

លោកបានលើកយកបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលជាប្រទេសមានធនធានបង្គួរ មានវិទ្យាសាស្រ្តជឿនលឿនមួយនៅអឺរ៉ុប គឺសង្គ្រាមត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បានធ្វើឱ្យប្រទេសអឺរ៉ុបខាងកើតមួយនេះ ក្លាយជាប្រទេសមួយត្រូវបំផ្លាញខ្ទេចខ្ទាំស្ទើរទាំងស្រុង។

លោក ស្តើង សុខុម បានពន្យល់ថា «ហេតុអីបានជាខ្ញុំលើកយកបញ្ហាសង្រ្គាមនៅអ៊ុយក្រែនមកនិយាយនៅពេលនេះ គឺចង់បង្ហាញឲ្យបងប្អូនឃើញថា នេះហើយ គឺរសជាតិ នៃសង្គ្រាម, សង្គ្រាមនាំមកនូវក្តីវិនាសព្រាត់ប្រាស ហេដ្ឋរចនាសម្ព័ន្ធត្រូវបំផ្លាញទាំងផ្នែកទន់ និងផ្នែករឹង ជីវិតមនុស្ស សកម្មភាពសេដ្ឋកិច្ចត្រូវគាំង មានន័យថា ប្រសិនជាមាន សង្គ្រាម គឺមិនអាចរស់នៅដោយសុខសាន្តបានទេ ហើយក៏មិនអាចអភិវឌ្ឍន៍ប្រទេសបានទេ»

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានលើកលើងពីប្រវត្តិនៃការផ្លាសប្តូរប្រធានាធិបតីអ៊ុយក្រែន ពីប្រធានាធិបតីដែលនិយមរុស្ស៉ី មកប្រធានាធិបតីដែលនិយមទៅខាងបញ្ចឹមប្រទេស ហើយបាន នាំអ៊ុយក្រែនទៅដល់សង្គ្រាមដូចសព្ធថ្ងៃ ដែលនេះ គឺប្រជាជនអ៊ុយក្រែនខ្លួនឯងជាអ្នកជ្រើសរើសអ្នកនយោបាយ។

«មូលហេតុសង្គ្រាមនៅអ៊ុយក្រែន គឺកើតឡើងដោយសារតែការជ្រើសរើសអ្នកនយោបាយខុស ធ្វើឲ្យប្រទេសខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម»។ នេះជាការគូសបញ្ជាក់របស់លោក ស្តើង សុខុម។

លោក ស្តើង សុខុម ក៏បានឆ្លៀតរំលឹកពីប្រវត្តិសង្គ្រាមនៅកម្ពុជា ដែលបានចាប់ផ្តើមដោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ហើយជ្រើសរើសយករបប លន់ ណុល។ បន្ទាប់មកគឺរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះ គឺប្រជាជនចង់បានអ្វីដែលថ្មី ដោយមិនបានពិចារណាថា អាថ្មីនោះ វាធ្វើឲ្យប្រទេសមានសង្គ្រាម ដូចនេះចាស់ឬថ្មី គឺត្រូវមើលលើគោលនយោបាយដឹកនាំរបស់អ្នកនយោបាយ។ សរុបមកជាលទ្ធផលជ្រើសរើសមេដឹកនាំខុស គឺប្រទេសជួបគ្រោះមហន្តរាយ ប្រជាជនស្លាប់ របួសពិការ ព្រាត់ប្រាសគ្រួសារ។

លោកប្រធានក្រុមការងារ ក៏បានបញ្ជាក់ផងដែរចំពោះគោលជំហររបស់កម្ពុជា ដែល បានចូល រួមជា Co-Sponsors និងបាន សម្រេច បោះឆ្នោត គាំទ្រអធិបតេយ្យភាព និង បូរណភាព ទឹកដីអ៊ុយក្រែន និង ទាមទារ ឲ្យរុស្ស៉ីដកកង ទ័ព ចេញពីអ៊ុយក្រែន ជាបន្ទាន់ និង ដោយគ្មាន លក្ខខណ្ឌ។ លោកបញ្ជាក់ថា នេះជាជម្រើសនយោបាយត្រឹមត្រូវដែលធ្វើឲ្យប្រទេសបានសេចក្តីសុខ។

លោក ស្តើង សុខុម បានគូសរំលេចផងដែរអំពីសុខសន្តិភាពដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេស។ លោកបានលើកឡើងថា សម្រាប់កម្ពុជា គឺជាលើកទី១ហើយ ក្នុងរយៈពេលជិត៥០០ឆ្នាំដែលប្រទេសកម្ពុជាទទួលបានសន្តិភាព និងស្ថេរភាពពេញលេញទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចដែលបានមកពីគុណបំណាច់នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នេះគឺអាស្រ័យដោយសារយើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសបាន ត្រឹមត្រូវនូវគណបក្សនយោបាយដើម្បីដឹកនាំនិងគ្រប់គ្រងប្រទេសជាតិគឺគណបក្សប្រជាជនកម្ពុជា។

លោក ស្តើង សុខុម បានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សកើតចេញពីប្រជាជន ដើម្បីប្រជាជន ជាគណបក្សនយោបាយដែលមានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយមួយដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាពជាងគេក្នុងសង្គមកម្ពុជានារយៈពេលជាង ៧០ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិនិងប្រជាជនកម្ពុជា»

លោកប្រធានគណៈពង្រឹងការងារមូលដ្ឋាន បានលើកបង្ហាញនូវស្ថាដៃជាច្រើនដែលគណបក្សប្រជាជនកម្ពុជា បានសាងជូនជាតិ និងប្រជាជនកម្ពុជា មានដូចជា គណបក្សប្រជាជនកម្ពុជាសម្រេចបានរួមមានការចូលរួមដណ្ដើមឯករាជ្យពីបារាំង, ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍, ការកសាងប្រទេសពីបាតដៃទទេ, ការចរចាស្វែងរកការបង្រួបបង្រួមជាតិនិងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើមនិងអនុវត្តនយោបាយឈ្នះៗនាំមកនូវសុខសន្តិភាព ឯកភាពជាតិនិងទឹកដី, ការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយនិងសង្គមដើម្បីបង្កឱកាសដល់ ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន។ ថ្មីៗនេះទៀតក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងមក ចាក់ជូនប្រជាជនបានទាំន់ពេលវេលា។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលនូវបានគិតគូទៅដល់ប្រជាពលរដ្ឋដែលជួបប្រទះការលំបាកតាមរយៈការផ្តល់ជួននូវថវិកា និងស្បៀងដោយ មិនបានទុកឲ្យប្រជាជនណាម្នាក់ត្រូវស្លាប់ដោយអត់ឃ្លាននោះទេ។

លោក ស្តើង សុខុម បានបន្តថា «យើងជាសមាជិកបក្ស យើងមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន លើថ្នាក់ដឹកនាំគណបក្សប្រជាជន យើងជឿជាក់លើគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន ហើយប្តេជ្ញាដណ្តើមជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខឲ្យបានជូនគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគឺធានាបាននូវសុខសន្តិភាព មានសុខសន្តិភាពគឺប្រាកដ៏ជាមានការអភិវឌ្ឍ»

លោក ស្តើង សុខុម បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា សមាជិកសមាជិកាគណបក្សប្រជាជនស្រុកកំចាយមារ ក្រោមការចាត់ចែងរបស់ក្រុមការងារ និងគណបក្សនៅនឹងកន្លែង ព្រមទាំងការគាំទ្រពីក្រុមការងារ និងគណបក្សស្រុកនឹងបន្តរួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតនូវកិច្ចការទាំងអស់ ដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋនិងគណបក្ស។

ជាមួយគ្នានេះ លោក ស្តើង សុខុម ក៏បានអំពាវនាវឲ្យសមាជិកគណបក្សទាំងអស់ពង្រឹងសាមគ្គីភាព និងធ្វើការងារដោយមានការឯកភាពគ្នា សហការគ្នាតាមរបៀបប្រជាធិបតេយ្យបប្រមូលផ្តុំ។ លោកបន្តថា បើគណបក្សប្រជាជនឈ្នះការបោះឆ្នោតឆ្នាំ២០២២ នេះគឺបក្សនឹងឈានទៅឈ្នះការបោះឆ្នោតនៅឆ្នាំ២០២៣ ដូចនេះការបោះឆ្នោតឆ្នាំ២០២២ នេះ មានសារៈសំខាន់ណាស់ ត្រូវធ្វើឲ្យបាន «សមាជិកម្នាក់គឺជាសម្លេងឆ្នោតមួយសន្លឹក»

ក្នុងឱកាសនោះដែរលោកប្រធានបានឧបត្ថម្ភសម្រាប់អ្នកចូលរួម ៣០០នាក់ ក្នុង១នាក់ ៥០,០០០រៀល, សម្រាប់រៀបចំកម្មវិធី ៥០០,០០០រៀល, គណបក្សស្រុកអង្គរចំនួន ២តោន, គណបក្សឃុំទាំង៨ អង្គរក្នុង ១ឃុំ ចំនួន ២តោន សរុបអង្គរ ១៨តោន។ នេះជាអំណោយលោក ស្ដើង សុខុម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ និងលោកស្រី ស ឃុនដារ៉ា សរុបជាថវិកា ៤៨,៩៨០,០០០រៀល៕