(ស្វាយរៀង)៖ លោក ជុក មុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលទើបតែបញ្ចូលថ្មីចំនួន៩៩នាក់។

លោក ជុក មុន្នី បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាល តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្ស នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង។

លោក ជុក មុន្នី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន៩៩នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកចាត់ទុកការចូលរួមនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើន សម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការកសាងជាតិ។

លោកបានបន្ដថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់។ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ»

លោកបានបន្តថា «ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា របស់ក្មួយៗនាពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះ មិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ»

លោកក៏បានជំរុញលើកទឹកចិត្ត ដល់យុវជនជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ជឿជាក់ និងគោរពស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយត្រូវចូលរួមថែរក្សាសមិទ្ធិផលនានា ដែលគណបក្សប្រជាជនខិតខំប្រឹងប្រែងកសាង ដើម្បីជំរុញខឿនសេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត។

លោក ជុក មុន្នី បានឧបត្ថម្ភដល់សមាជិកបក្សថ្មីម្នាក់ៗទទួលបានអាវយឺត១ ក្រម៉ា១ និងថវិកា១០០០០រៀល។ ក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការសង្កាត់ មេភូមិសរុប១៥នាក់ ម្នាក់ៗទទួលបានក្រម៉ា១ និងថវិកា ៣០០០០រៀល សរុបថវិកាចំណាយ ៣ ៨០០ ០០០រៀល៕