(ភ្នំពេញ)៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយអះអាងថារហូតមកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ណាមួយថា ករណីជនជាតិថៃថាខ្លួនរងការជួញដូរសរីរាង្គ កើតឡើងនៅក្នុងប្រទេសកម្ពុជាទេ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីកាសែតអនឡាញថៃ បានចុះផ្សាយថា មានស្ត្រីជនជាតិថៃមួយរូបដែល ត្រូវបាន គេល្បួងមកធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ ប្រុងនឹងក្លាយជាជនរងគ្រោះដោយសារការវះយកសរីរាង្គ ដោយក្រុមបងតូចបងធំជាជនជាតិចិន ប៉ុន្តែ នាងបានរត់គេចខ្លួនរួចដោយ ត្រដាបត្រដួស។

ពាក់ព័ន្ធនឹងព័ត៌មានចុះផ្សាយក្នុង សារព័ត៌មានថៃ Thai Examiner កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នោះ លោកជុំមសុន្ទរី បានបំភ្លឺ ២ចំណុចដូចតទៅ៖

១៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ។

២៖ ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមិនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ ។ ស្ថានទូតកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត៕