(ភ្នំពេញ)៖ ក្នុង Comment មួយនៅលើហ្វេសបុករបស់ សារព័ត៌មានអនឡាញ The Cambodia Daily នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានរិះគន់អត្ថបទកាសែតមួយនេះថា មានការភាន់ច្រឡំអត្ថន័យសំឡេងដើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលស្តីបន្ទោសទៅកាន់ លោក សុខ សុគន្ធ ហៅ ជេម សុខ នាថ្មីៗនេះ។

អ្នកកាសែតជើងចាស់រូបនេះ បានចាត់ទុកថា ក្នុងអត្ថបទរបស់ សារព័ត៌មានអនឡាញ The Cambodia Daily អ្នកសារព័ត៌មានប្រើប្រាស់ពាក្យពេចន៍ដែលសម្តែងពីអារម្មណ៍ និងនិន្នាការផ្ទាល់ខ្លួនច្រើនជាងហេតុការណ៍ ជាពិសេសការប្រើពាក្យពេចន៍ជាគុណនាមច្រើនក្នុងន័យជាការប្រមា ថដែលខុសពីក្រមសីលធម៌វិជ្ជាជីវៈ

ការប្រតិកម្មរបស់ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានអនឡាញ The Cambodia Daily បានផ្សាយនូវអត្ថបទមួយក្រោមចំណងជើងបែបវាយតម្លៃថា៖ «លោក ហ៊ុន សែន គំរាមសម្លាប់អ្នកវិភាគម្នាក់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក»។ ក្នុងអត្ថបទនេះ សារព័ត៌មានខាងលើ បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដោយហៅសម្តេចតេជោថា៖ «បុរសខ្លាំងនៅកម្ពុជា ដែលគេហៅថាជាមេដឹកនាំបែបជើងកាង ចិត្តឆៅដៃឆើត ក្រាញអំណាចតត្រកូល» ជាដើម។

នៅក្នុង Comment របស់ខ្លួន ក្រោមអត្ថបទនេះ លោក ប៉ែន បូណា បានកត់សម្គាល់៣ចំណុចដូចតទៅ៖

«ទី១៖ ខ្ញុំយល់ឃើញថា កាំបូឌាដេលីសរសេរអត្ថបទនេះ ដោយភាន់ច្រឡំអត្ថន័យ ឬមិនយល់ភាសាខ្មែរ ឬក៏មានចេតនាទាញអត្ថន័យទៅតាមការចង់បានរបស់ខ្លួន? ក្នុងឃ្លីបដែលគេបានលឺនោះគ្មានអត្ថន័យណាមួយដែលមានន័យជាការគំរាមសម្លាប់ទេ។ គឺជាសំណួរដែលចោទសួរថា តើមុនពេលស្លាប់ចង់ទុកកេរអសោចឬ? សំណួរបែបនេះគ្មានន័យជាការគំរាមសម្លាប់ឡើយ។ ធម្មតាភាសានិយាយ មិនដូចភាសាសរសេរទេ គឺមានពាក្យខ្លះដែលត្រូវនិយាយមុនតែវាបែរជាទៅក្រោយ ហើយពាក្យខ្លះដែលត្រូវនៅក្រោយបែរជាមកមុន ប៉ុន្តែ អ្នកនិយាយក៏កែសម្រួលឡើងវិញដើម្បីឲ្យត្រូវន័យដែលគេចង់និយាយ។ ដូច្នេះ គេត្រូវស្តាប់ឃ្លាឲ្យចប់ទើបយល់ន័យ។ ដើម្បីយល់អត្ថន័យពិតប្រាកដចំពោះពាក្យសម្តីនរណាម្នាក់ គេត្រូវយល់ពាក្យ យល់ឃ្លា និងយល់បរិបទដែលគេចង់និយាយ ទើបគេអាចធ្វើសេចក្តីសន្និដ្ឋានបានត្រឹមត្រូវ។ បើអ្នកសារព័ត៌មានយល់ខុស ហើយសរសេរខុស អ្នកអាន ឬអ្នកស្តាប់មួយចំនួនអាចយល់ខុសតាមដែរ។

ទី២៖ ក្នុងអាជីពសារព័ត៌មាន គេឲ្យបែងចែកដាច់ពីគ្នារវាងព័ត៌មាន និងការធ្វើអត្ថាធិប្បាយផ្ទាល់ខ្លួន។ ការសរសេរព័ត៌មានគឺសំអាងទៅលើហេតុការណ៍ ប្រភព ឬឯកសារ ដោយមិនត្រូវយកអារម្មណ៍របស់ខ្លួនមកលាយឡំទេ។ ប៉ុន្តែ ក្នុងអត្ថបទនេះ អ្នកសារព័ត៌មានប្រើប្រាស់ពាក្យពេចន៍ដែលសម្តែងពីអារម្មណ៍ និងនិន្នាការផ្ទាល់ខ្លួនច្រើនជាងហេតុការណ៍ ជាពិសេសការប្រើពាក្យពេចន៍ជាគុណនាមច្រើនក្នុងន័យជាការប្រមាថដែលខុសពីក្រមសីលធម៌វិជ្ជាជីវៈ។

ទី៣៖ ខ្ញុំយល់ឃើញថា សារព័ត៌មានក្នុងសង្គមសេរីគួរតែដើរតួនាទីជាគំរូ នៃសេរីភាពសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ»៕