(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា ការគាំទ្រពីមហាជន គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរក្សាឲ្យបាននូវភាពជឿទុកចិត្ត ស្គាល់ខ្លួនឯង ស្គាល់ក្រុមការងារខ្លួនឯង ស្គាល់សត្រូវខ្លួនឯង ស្គាល់បេះដូងប្រជាពលរដ្ឋ និងត្រូវមានផែនការជាប្រចាំ។

លោកថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បាវិត គណបក្សសង្កាត់បាវិត សាខាបក្សភូមិ និងអនុសាខាបក្សភូមិ ដើម្បីធ្វើការវាយតម្លៃស្ថានការណ៍ និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានសង្កាត់បាវិត ឈានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ជូនគណបក្សប្រជាជនកម្ពុជា។ កម្មវិធីនេះធ្វើឡើងនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ហើយលោក លី ធុជ អញ្ជើញជាអធិបតីភាពក្នុងនាមលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។

លោក លី ធុជ បានលើកឡើងថា ការងារចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ត្រូវធ្វើការឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដោយមិនត្រូវទុកចោលនូវបញ្ហាតូចៗឲ្យកាន់តែរីកធំឡើងៗ ដោយមិនបានយកចិត្តទុកដាក់ឡើយ។

លោកបានបន្តថា «សមាជិកបក្សទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើអនាគត និងជោគវាសនារបស់ភូមិយើង និងមូលដ្ឋានយើង ហើយការគាំទ្រពីមហាជន គឺជាអាយុជីវិតរបស់គណបក្សយើង»។

លោកបានណែនាំឱ្យសមាជិកបក្សប្រជាជនកម្ពុជាត្រូវមានភាពស្មោះត្រង់ចំពោះគ្នា ពីព្រោះឥឡូវនេះសមាជិកទាំងអស់គ្នាកំពុងជិះនៅលើទូកតែមួយ និងមានបេសកកម្មរួមគ្នា ដើម្បីសម្រេចគោលដៅក្នុងការដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា និងសម្រាប់ប្រទេសជាតិ និងប្រជាជន។

លោកបន្តលើកឡើងទៀតថា ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរក្សាឲ្យបាននូវភាពជឿទុកចិត្ត ស្គាល់ខ្លួនឯង ស្គាល់ក្រុមការងារខ្លួនឯង ស្គាល់សត្រូវខ្លួនឯង ស្គាល់បេះដូងប្រជាពលរដ្ឋ និងត្រូវមានផែនការជាប្រចាំ។ ទន្ទឹមនឹងនោះ ក្រុមការងារទាំងអស់ ត្រូវបន្តចុះសកម្មភាពដោយផ្ទាល់ឲ្យដល់ក្រុមបក្ស និងគ្រួសារបក្សទាំងអស់ក្នុងមូលដ្ឋាន៕