(ភ្នំពេញ)៖ ក្រោយពីបញ្ចប់មេរៀនអំពីការសរសេរព័ត៌មានក្ដៅ (Spot News) រួចហើយនោះ នៅសប្ដាហ៍ទី៦នេះ គឺជាពេលដែលសិក្ខាកាមអនុវត្តការសរសេរអត្ថបទដំណឹងដោយខ្លួនឯង និងមានការធ្វើកំណែពីលោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ( FTC)។ សិក្ខាកាមមានភាពផុសផុលយ៉ាងខ្លាំង នៅក្នុងការអនុវត្តលំហាត់ មិនតែប៉ុណ្ណោះថែមទាំងធ្វើលំហាត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ថែមទៀតផង។

ពីបុគ្គលដែលមិនធ្លាប់បានដឹងអំពីការសរសេរព័ត៌មានទាល់តែសោះ កញ្ញា ជួង កញ្ញាសុជាតា បានលើកឡើងថា៖ «បន្ទាប់ពីលោកគ្រូបានកែរួច ខ្ញុំមានអារម្មណ៍យល់បានថែមមួយកំរិតទៀត ហើយនឹងព្យាយាមឱ្យប្រសើរជាងនេះ។ អ្វីដែលប្លែកគឺការសរសេរ Lead និង Body តែម្តង ជាពិសេសគឺការសរសេរចំណងជើងដើម្បីឲ្យអ្នកអានចាប់អារម្មណ៍»

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត សិក្ខាកាមដដែលបានបន្តថា៖ «នេះជាលើកដំបូងនៃការចូលរួមក្នុងវិស័យសរសេរព័ត៌មាន។ កាលពីមុនធ្លាប់គិតថាគ្រាន់តែសរសេរមានអីពិបាក ឥលូវពេលបានចូលរៀនទើបដឹងថា វាមិនងាយស្រួលដូចយើងនិយាយនោះទេ»

ក្រោយពីពិនិត្យការសរសេរអត្ថបទរបស់សិក្ខាកាមហើយនោះ លោក ម៉ារ យ៉ារិទ្ធ ក៏បានណែនាំបន្ថែមដល់សិក្ខាកាម ដើម្បីឲ្យការសរសេរកាន់តែល្អថែមទៀត។ ជាពិសេសបច្ចេកទេសនៅក្នុងការសរសេរព័ត៌មានប្រកបដោយភាពទាក់ទាញ និងមានភាពប្រទាក់ក្រឡាគ្នាតាំងពីចំណងជើងរហូតដល់ចុងបញ្ចប់នៃអត្ថបទ។

ជាមួយគ្នានេះដែរ ព្រឹទ្ធាចារ្យនៅក្នុងវិស័យសាព័ត៌មានជាង៣ទសវត្សរ៍រូបនេះ ក៏មិនភ្លេចផងដែរនូវការណែនាំអំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលមានភាពចាំបាច់នៅក្នុងអាជីព ដោយមិនមែនសរសេរអ្វីតាមតែការនឹកឃើញ ឬចង់និយាយនោះឡើយ។

ជាការកត់សម្គាល់ បើទោះជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី ក៏វគ្គសិក្សានៅតែដំណើរការជាធម្មតា តាមគន្លងថ្មី ជាមួយនឹងការអនុវត្តវិធានការសុខាភិបាល។ ដោយ FTC បានគិតគូរអំពីសុវត្ថិភាពរបស់សិក្ខាកាមដោយមានការរក្សាគម្លាតសុវត្ថិភាព វាស់កម្ដៅ និងបាញ់អាកុលមុនចូលរៀនថែមទៀតផង។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC មានរយៈពេល៣ខែ ដែលសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334