(ព្រៃវែង)៖ អ្នកឧកញ៉ា លី សាម៉េត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា រួមជាមួយលោក ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តព្រៃវែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២នេះ បានជួបសំណេះសំណាលជាមួយអតីតអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សនយោបាយផ្សេងៗ នៅក្នុងខេត្តព្រៃវែងចំនួន១,៣៥០នាក់ ដែលបានស្ម័គ្រចិត្ត ចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ថ្លែងនៅក្នុងឱកាសនោះ លោក ស្បោង សារ៉ាត់ សូមថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់បងប្អូនសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ ដែលវិលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាឱកាសនេះ ហើយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់ដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។

លោកបានបញ្ជាក់ទៀតថា «ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង លោកបានអំពាវនាវដល់បងប្អូនសមាជិកសមាជិកាថ្មីទាំងអស់ សូមឱ្យបងប្អូនខិតខំអំពាវនាវដល់បងប្អូនដទៃទៀត ដែលមិនទាន់បានដឹង មិនទាន់បានយល់ ឱ្យមកចូលរួមរស់នយោបាយ នឹងកសាងប្រទេសជាតិយើងទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន ដែលនិងមានរៀបចំ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ សូមឱ្យសមាជិកថ្មីទាំងអស់ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យបានទាំងអស់គ្នាដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជារបស់យើងមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់យើង ឱ្យមានការរីកចម្រើនប្រសើឡើងទៅមុខជាលំដាប់»

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ថា ការចូលមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលប្រជាពលរដ្ឋឡើយនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា៖ «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»

ជាមួយគ្នានេះ លោក លី សាម៉េត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូននិង ជំនួសមុខឱ្យសម្ដេចតេជោ ហ៊ុន សែន ដើម្បីថ្លែងអំណរអរគុណចំពោះបងប្អូនកូនក្មួយជាទីគោរពជាស្រលាញ់ស្រឡាញ់ ដែលបានមករួមរស់នយោបាយជាមួយកណបក្យប្រជាជនកម្ពុជា។ ព្រមទាំងបានគូសរំលេចទៀតថា កន្លងទៅទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាត់កម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

អ្នកឧកញ៉ាបានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឱ្យជនអគតិណាមួយមកបំផ្លាញបានឡើយ៕