(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់គ្រូពេទ្យទាំងអស់ មិនត្រូវគិតតែប្រយោជន៍របស់ខ្លួន ធំជាងការជួយសង្គ្រោះជីវិតមនុស្សនោះទេ ពោល គឺត្រូវគិតពីអាយុជីវិតអ្នកជំងឺទីមួយ បន្ទាប់មកទើបគិតពីប្រយោជន៍ផ្ទាល់ខ្លួន។

ការក្រើនរំលឹកយ៉ាងដូច្នេះរបស់រដ្ឋលេខាធិការរូបនេះ បានធ្វើឡើងក្នុងឧកាសអញ្ជើញជាអធិបតីសន្និសិទស្តីពី មហាសន្និបាតវិសាមញ្ញ និង សិក្ខាសាលាអនឡាញលើកទី៥ ដើម្បីការអភិវឌ្ឍវិជ្ជាជីវៈបន្តផ្នែកវេជ្ជសាស្ត្រកុមារនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានបញ្ចាក់យ៉ាងដូច្នេះថា «ការប្រកបវិជ្ជាជីវៈជាគ្រូពេទ្យ គឺជាការប្រកបវិជ្ជាជីវៈបែបករណីកិច្ច នៅក្នុងហ្នឹង គឺមានការងារខ្លះដែលត្រូវធ្វើឲ្យបានត្រឹមត្រូវ មានការងារខ្លះដែលមិនអាចបណ្តោយបាន ការងារបែបករណីកិច្ច គឺជាការងារចាំបាច់ អីចឹងមិនមែនរកស៊ីទេ បើជាអ្នករកស៊ី គឺអ្នករកស៊ីរៀបចំមុនគេ គឺផលប្រយោជន៍ផ្ទាល់ខ្លួន ហើយផលប្រយោន៍អតិថិជន គឺបន្ទាប់ ប៉ុន្តែប្រសិនបើជាគ្រូពេទ្យ នៅក្នុងពេលដែលទទួលជំងឺម្នាក់ ឬធ្វើកិច្ចការទាំងឡាយពាក់ព័ន្ធអតិថិជន គឺគិតប្រយោជន៍របស់អតិថិជនមុនជាដាច់ខាត រួចទើបគិតប្រយោជន៍ខ្លួនតាមក្រោយ»

លោកបានឲ្យដឹងថា ដើម្បីបំពេញកិច្ចការងារទាំងឡាយ ដែលជាវិជ្ជាជីវៈករណីកិច្ចនេះ គ្រូពេទ្យទាំងអស់ត្រូវតែមំាទាំ ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានការចេះដឹងទាន់សម័យកាល ដូចជាសម័យកាលនេះ អ្នកណាក៏ត្រូវតែសិក្សាបន្ថែមអំពីស្ថានភាពកូវីត១៩ ។

លោករដ្ឋលេខាធិការបានបន្ថែមថា នៅក្នុងការប្រកបវិជ្ជាជីវៈជាគ្រូពេទ្យ ត្រូវតែមានអាជ្ញាប័ណ្ណ និងស្ថិតក្នុងសុពលភាព ព្រោះបើមិនមានអាជ្ញាប័ណ្ណ គឺប្រៀបទៅនឹងការប្រកបវិជ្ជាជីវៈដោយបំពានច្បាប់។ ពាក់ព័ន្ធជាមួយសុពលភាពនៃអាជ្ញាប័ណ្ណ គឺកាលពីមុន១ឆ្នាំត្រូវបន្តសុពលភាពម្តង ប៉ុន្តែឥឡូវ៣ឆ្នាំទើបបន្តសុពលភាពម្តង ឬ៣ឆ្នាំទើបផុតកំណត់។

សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ មានប្រធានបទសំខាន់ៗចំនួន០៤ ដូចខាងក្រោម៖

១៖ ការសិក្សាស្រាវជ្រាវរយៈពេល៨ខែ និង២សប្តាហ៍នៃជំងឺកូវីត១៩ ដែលបង្ហាញអំពីការរាតត្បាត រោគសញ្ញា និងការគ្រប់គ្រងនៅលើកុមារអាយុក្រោម១៦ឆ្នាំ មានចំនួន៦៩២ករណី នៅមន្ទីពេទ្យគន្ធបុប្ផា។

២៖ បង្ហាញពីបច្ចុប្បន្នភាពរោគសញ្ញានៃការរលាកសួត បង្កដោយមេរោគកូវីត១៩ នៅលើកុមារនៅមន្ទីរពេទ្យកុមារជាតិ។

៣៖ បង្ហាញពីបច្ចុប្បន្នភាព នៃការបញ្ចប់ការព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលសម្រាកព្យាបាលនៅផ្ទះ។

៤៖ បង្ហាញពីករណីកម្រនៅលើកុមារអាយុ១២ឆ្នាំ ដែលមានសញ្ញាក្អករុំារ៉ៃមិនអាចដោះស្រាយបាន នៅមន្ទីរពេទ្យកុមារជាតិ៕