(កំពង់ស្ពឺ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តផ្ដល់ទឹកដល់ប្រជាពលរដ្ឋចំនួន ៤៦គ្រួសារបន្ថែមទៀត ដែលកំពុងតែខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំង ក្នុងភូមិដំណាក់មានជ័យ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នាយផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី លោក បណ្ឌិត អ៊ឹម សុធារិទ្ធ បានថ្លែងថា «ភូមិដំណាក់មានជ័យ មិនខុសគ្នាពីភូមិសំរោងរស្មី ឃុំអង្គពពែល ក្នុងស្រុកគងពិសីនោះទេ ដែលយើងទើបដឹកទឹក ទៅចែកជូនប៉ុន្មានថ្ងៃមុនរួចហើយ ដែលគាត់នៅទីនោះ កំពុងប្រឈមមុខនឹងការខ្វះខាតទឹកប្រើប្រាស់ ដូច្នេះហើយទើបខាងក្រុមហ៊ុន ក៏ដូចជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា យករថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានដឹកទឹកចែកជូនពួកគាត់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់គាត់ មួយផ្នែកធំផងដែរ ព្រោះថា មនុស្សគ្រប់រូបមិនអាចឥតទឹកនោះឡើយ សូម្បីតែមួយថ្ងៃ»

លោក ជុំ វង់ សមាជិកព្រឹទ្ធសភា បានថ្លែងឲ្យដឹងផងដែរថា សហភាពសហព័ន្ធកម្ពុជា ដែលមានការគាំទ្រពីក្រុមហ៊ុនខ្មែរប៊្រូវើរី ខាងផ្នែករថយន្ដដឹកទឹក និងទឹកបានចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុង ត្រូវការទឹកជាចាំបាច់បាន៤៦គ្រួសារ ។

លោក បន្ថែមថា កង្វល់ដ៏ធំរបស់ប្រជាពលជននៅទីនេះ គឺបញ្ហាខ្វះខាតទឹកប្រើប្រាស់ ដូចនេះក្រោមសកម្មភាពសប្បុរសធម៌នេះ បានជួយដោះស្រាយបញ្ហាដែលគាត់ កំពុងប្រឈមបានច្រើនផងដែរ។

ទន្ទឹមនឹងនោះ លោក យាយ អិនយ៉ាត អ្នកភូមិ ដំណាក់មានជ័យ បានឲ្យដឹងថា រាល់ថ្ងៃនេះ ភូមរបស់យើងកំពុងខ្វះខាតទឹកណាស់ ទាំងទឹកស្អាត និងទឹកប្រើប្រាស់ ជាងនេះទៅទៀត សូម្បីតែសត្វគោក្របីមាន់ទា មួយចំនួនក៏ខ្វះខាតទឹកឲ្យផឹកផងដែរពេលខ្លះទៅស្ទើរតែមួយគ្មានទឹកផឹកនោះទេ។តែពេលនេះ មានការជួយពីក្រមហ៊ុន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅទីនេះ មានទឹកប្រើប្រាស់ហើយ។

លោក អឹម សុធារិទ្ធ បានឲ្យដឹងទៀតថា ក្រុមហ៊ុនយើង តែងតែជួយកសាងសាលារៀន ឧបត្ថម្ភមន្ទីរពេទ្យ និងផ្ដល់អាហារូបករណ៍ ដល់និស្សិតក្រីក្ររាប់រយនាក់ ហើយការងារដឹកទឹក ទៅចែកជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ហើយក្រុមហ៊ុននឹងបន្ដដឹកទឹកទៅចែកជូនប្រជាពលរដ្ឋ ក្នុងតំបន់ផ្សេងៗទៀត ដែលកំពុងខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំងនោះ៕