(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៤គ្រួសារ បណ្តាលឲ្យខូចខាតផ្ទះសំបែង នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះលោក ឃិន ញ៉ាណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប និយាយដោយឡែកបងប្អូនរស់នៅខេត្តឧត្តរមានជ័យរបស់យើងតែម្តង។

ក្នុងនាមលោក ប៉ែន កុសល្យ និងលោក ឃិន ញ៉ាណ បានសម្ដែងការចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ដែលបានធ្វើឲ្យផ្ទះសំបែង និងទ្រព្យសម្បត្តិមួយចំនួនទៀតរបស់បងប្អូនប្រជាពលរដ្ឋរងការខូចខាត។

ជាមួយនេះ លោក ឃិន ញ៉ាណ ក៏បានថ្លែងលើកទឹកចិត្តដល់បងប្អូនដែលរងគ្រោះ សូមកុំអស់សង្ឃឹមព្រោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា គឺតែងតែនៅជិតប្រជាពលរដ្ឋជានិច្ច មិនទុកឲ្យពលរដ្ឋណារស់នៅក្នុងភាពឯកោ ឬអត់ឃ្លាននោះទេ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នាឱកាសនេះគឺផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ នៅស្រុកអន្លង់វែងចំនួន១៤គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះនៅស្រុកត្រពាំងប្រាសាទចំនួន៤០គ្រួសារ។

បន្ថែមពីនេះទៀតលោក ឃិន ញ៉ាណ បានថ្លែងណែនាំដល់បងប្អូនប្រជាពលរដ្ឋយើងត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះករណីគ្រោះធម្មជាតិដូចជា ខ្យល់កន្ត្រាក់....ជាដើម។ ហើយត្រូវខិតខំបង្ករបង្កើនផលដាំដំណាំផ្សេងៗ ដើម្បីលើក កម្ពស់ជីវភាពគ្រួសារ និងត្រូវបន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើងពីជំងឺកូវីដ-១៩៕