(ភ្នំពេញ)៖ ក្រុមការងារប្រឆាំងការបោសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នាថ្មីៗនេះ បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»។

សិក្ខាសាលានេះ ធ្វើឡើងនៅរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាប្រធានក្រុមការងារខាងលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងកបទ.សអ និងតំណាងមកពីក្រសួងទេសចរណ៍ និងក្រសួងមហាផ្ទៃ សរុបចំនួន៥២នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងស្របតាមកាតព្វកិច្ចរបស់កម្ពុជាក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ពាក់ព័ន្ធនឹងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហើយការអនុវត្តកាតព្វកិច្ចនេះ ក៏ឆ្លើយតបទៅនឹងស្តង់ដាររបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF)។

សិក្ខាសាលាបានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីពង្រឹងការយល់ដឹងអំពីខ្លឹមសារ និងក្របខ័ណ្ឌគតិយុត្តិនៃច្បាប់នេះ ដល់មន្ត្រីក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដែលអាចឆ្លើយតបទៅនឹងវិធានការបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សិក្ខាកាមបានពិភាក្សា និងផ្លាស់ប្តូរមតិផ្តោតលើនីតិវិធីរបស់កម្ពុជាក្នុងការអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។

នៅចុងបញ្ចប់នៃសិក្ខាសាលា សិក្ខាកាមត្រូវបានលើកទឹកចិត្តឱ្យជួយផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយដល់សហការី និងសាធារណជន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារនេះ៕