(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានលើកឡើងថា ASEM ត្រូវតែតស៊ូបន្តទៀតសម្រាប់ទសវត្សរ៍បន្ទាប់ៗទៀត និងទៅថ្ងៃអនាគត ដើម្បីធានាថា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានធានាសម្រាប់ដៃគូ ASEM ទាំងអស់ និងប្រហែលជាអាចសម្រាប់បណ្តាប្រទេសផ្សេងទៀត នៅជុំវិញពិភពលោក។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងតាមរយៈសារគន្លឹះមួយ ដើម្បីចូលរួមអបអរសាទរដល់ទិវា ASEM ឆ្នាំ២០២២ (ថ្ងៃទី០១ ខែមីនា) ដែលជាខួបលើកទី២៦ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ ASEM គឺឆ្ពោះទៅកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា មានលក្ខណៈប្រកួតប្រជែង មានភាពធន់ និងចីរភាព សម្រាប់ប្រជាជននៅអាស៊ី និងអឺរ៉ុប នៅតែបន្តជាអាទិភាពកំពូលមួយរបស់ខ្លួន។

លោកបានថ្លែងថា ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន ដៃគូ ASEM ទាំងអស់ត្រូវតែសហការគ្នាឱ្យបានស្អិតរមួត នៅក្នុងគោលដៅរួម ដើម្បីធានាថា ពហុភាគីនិយមនឹងនាំមកនូវស្ថិរភាព និងវិបុលភាពដើម្បីកំណើនរួមគ្នា ព្រមទាំងធានាឱ្យបានថា ពហុភាគីនិយម នឹងដោះស្រាយបញ្ហាតំបន់ និងសកល ដែលមានស្រាប់ និងកំពុងកើតមានឡើង ក្នុងគោលបំណងឈានទៅសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងទន្ទឹងរង់ចាំបន្តអនុវត្តការងារយ៉ាងជិតស្និទ្ធជាមួយដៃគូ ASEM ទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តវិធានការផ្សេងៗ ដូចមានចែងនៅក្នុងឯកសារលទ្ធផល ASEM13 នាពេលថ្មីៗនេះ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ASEM បន្ថែមទៀត ដោះស្រាយបញ្ហាដែលជាកង្វល់រួម ព្រមទាំងលើកស្ទួយទំនាក់ទំនងជាមិត្តភាពក្នុងចំណោមដៃគូទាំងអស់ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត៕