(ភ្នំពេញ)៖ នៅឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អឺរ៉ុប បានកើនឡើងដល់ ៤,៥ពាន់លានអឺរ៉ូ ខណៈភាគីទាំង២ ក៏បានពិភាក្សាពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃការអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសព្វាអាវុធ (EBA)។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប លើកទី១១ ដែលបានធ្វើឡើងនាថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំនេះ ជាមួយលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៉ី និងប៉ាស៉ីហ្វិក នៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំអនុក្រុមស្តីពីពាណិជ្ជកម្ម និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំង២ មានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំនីមួយៗ»

កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះ នៃការអនុគ្រោះពន្ធពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប ក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសព្វាអាវុធ (EBA) កិច្ចសហប្រតិបត្តិការបច្ចេកទេសបញ្ហា នៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្ត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាសវិនិយោគរបស់កម្ពុជា នៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។ កិច្ចប្រជុំ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍពាណិជ្ជកម្មតំបន់ និងសកល ដែលក្នុងនោះរួមបញ្ចូលទាំងបច្ចុប្បន្នភាព ស្តីពីសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងអាស៊ាន និងនៅទូទាំងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ទំនាក់ទំនងពាណិជ្ជកម្មតំបន់អាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងបច្ចុប្បន្នភាព ស្តីពីកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកជាដើម។

សូមជម្រាបថា សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងការដក EBA ដោយយកពន្ធលើទំនិញកម្ពុជា ២០ភាគរយ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិក លើកផលិតផល ៤០មុខ៕