(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្តិ និងប្រគល់ប័ណ្ណសរសើរ ជូនមន្រ្ដីនគរបាល ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងនគរបាល តំណាងឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្ដមសេនីយ៍ត្រី ហេង ម៉ារ៉ា ស្នងការរងនគរបាល និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពីអធិការ អធិការរង នាយរងការិយាល័យបុគ្គលិក និងលោកចៅសង្កាត់បឹងកេងកងទី២។

ក្នុងឱកាសនោះដែរ លោកស្នងការរងទាំង២ បានផ្តាំផ្ញើនគរបាលទាំងអស់ដែលទើបទទួលតំណែង និងតម្លើងឋានន្តរស័ក្តិ ព្រមទាំងទទួលបានលិខិតសរសើរ នាពេលនេះត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់លើ ប្រគល់ជូន អនុវត្តតួនាទីភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ ការប្រកាសតែងតាំង និងតម្លើងឋានន្តរស័ក្តិដោយសារគុណបំណាច់អស់លោកខិតខំធ្វើការមិនខ្លាចនឿយហត់កន្លងមក រីឯអ្នកមិនទាន់បានតែងតាំង និងបំពាក់ឋានន្តរស័ក្តិ គឺថ្នាក់លើនឹងរៀបចំជូនពេលក្រោយ។

ជាងនេះទៅទៀតសូមឱ្យនគរបាលទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ, មានទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាព ស្ថាប័នផ្សេងៗ អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ហើយអរគុណសន្តិភាពដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ៕