(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ (៨ មីនា ១៩១១-៨ មីនា ២០២២) ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។

ពិធីនេះ បានធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ ក្រោមអធិបតីភាពលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ, លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងមានការចូលរួមពីសំណាក់សមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យខណ្ឌទាំងអស់ព្រមទាំងលោកចៅសង្កាត់ទាំង៥ កិច្ចការនារីសង្កាត់ មន្ត្រីសុខាភិបាលស្រុកប្រតិបត្តិខណ្ឌ សរុបចំនួន ១៣០នាក់។

នាឱកាសនោះដែរ លោកអភិបាលខណ្ឌក៏បានផ្ដល់ជូននូវបាច់ផ្កាជូនដល់លោកស្រីអភិបាលរងខណ្ឌ លោកស្រីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខណ្ឌ និងលោកស្រីសមាជិក ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះស្រ្តី និងបានឧបត្ថម្ភថវិកាជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ជាស្ត្រីនូវថវិកាចំនួន៥០,០០០រៀល និងក្រណាត់មួយដុំ ផងដែរ៕