(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីជំរុញ និងពនឿនការពង្រីកការអនុវត្ត «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» នៅទូទាំងប្រទេស។

ការដាក់ចេញអនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួម ក្នុងពិធីប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវីត ក្នុងសង្គមឌីជីថល» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឲ្យដឹងថា នៅឆ្នាំនេះក្រសួងអប់រំ បាននិងកំពុងប្រារព្ធ «ទិវាជាតិអំណាន ១១ មីនា ២០២២» ក្នុងគោលបំណងរំឭកដល់វីរភាព និងគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌ អក្សរសាស្ត្រខ្មែរ និងក្នុងគោលបំណងបណ្ដុះទម្លាប់អាន, ជំរុញវប្បធម៌អាន, លើកកម្ពស់សមត្ថភាពអាន, ការតែងនិពន្ធ, និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌, អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូប។

លោកបន្ដថា ទិវាជាតិអំណានលើកទី៧ ដែលកំពុងប្រារព្ធឡើងក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិត ក្នុងសង្គមឌីជីថល» នេះ មានគោលបំណងរំលេចឲ្យឃើញអំពីតួនាទីរបស់អំណាន និងភាពពាក់ព័ន្ធរបស់អំណាន ជាមួយនឹងគុណភាពជីវិតលើគ្រប់ទិដ្ឋភាព នៅក្នុងដំណាក់កាលនៃការវិវឌ្ឍឈានឆ្ពោះ ទៅរកសង្គមឌីជីថល។

ជាមួយគ្នានេះ នៅក្នុងកម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក «ការលើកកម្ពស់សមត្ថភាព អានរបស់សិស្ស ជាពិសេសនៅកម្រិតថ្នាក់ដំបូង» ជាការងារអាទិភាព។

កន្លងមក ក្រោមការគាំទ្ររបស់ដៃគូពាក់ព័ន្ធ ក្រសួងបានផលិតកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងដែលរួមមាន៖ សៀវភៅណែនាំគ្រូ, សៀវភៅជំនួយសិស្ស, បណ្ណអក្សរ-រូបភាព, សៀវភៅហ្វឹកហាត់សរសេរ, និងសៀវភៅរឿងខ្លីៗ ជាដើម។

ក្រសួងក៏បានប្រកាសដាក់ឲ្យអនុវត្ត «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» នៅទូទាំងប្រទេស ព្រមទាំងបានដាក់បញ្ចូលទៅ
ក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូនៅតាមសាលាគរុកោសល្យទាំងតាមប្រព័ន្ធ ១២+២ និង១២+៤។

ដើម្បីជំរុញ និងពនឿនការពង្រីកការអនុវត្ត កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងៗ នៅទូទាំងប្រទេស លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន សូមដាក់ចេញនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១៖ គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, កម្រងសាលារៀន, និងគ្រឹះស្ថានបឋមសិក្សាទូទាំងប្រទេស ត្រូវចូលរួមពង្រឹង និងពង្រីកការអនុវត្តកញ្ចប់ សម្ភារៈអំណានថ្នាក់ដំបូងតាមរយៈការរៀបចំវគ្គបំប៉នដោយផ្ទាល់, ការបំប៉នតាមបែបចម្រុះ, និងតាមប្រព័ន្ធអនឡាញ, ព្រមទាំងផ្តល់ការគាំទ្រ តាមរូបភាពការផ្តល់ប្រឹក្សាគរុកោសល្យ។ រៀបចំបង្កើតបណ្ណាល័យនៅតាមសាលារៀន ដែលមិនទាន់មាន និងពង្រឹងដំណើរការ បណ្ណាល័យចំពោះសាលារៀន ដែលមានបណ្ណាល័យរួចហើយ ស្របតាមសេចក្តីណែនាំប្រតិបត្តិស្តីពី ស្តង់ដាបណ្ណាល័យបឋមសិក្សា។

២៖ លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១ និងទី២ ទាំងអស់ ត្រូវចូលរួមអនុវត្ត "កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង។ តាមរយៈការចូលរួមវគ្គបំប៉ន ដែលរៀបចំឡើងដោយក្រសួង, មន្ទីរអប់រំ យុវជន និងកីឡា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, អង្គការដៃគូពាក់ព័ន្ធ, និងធ្វើស្វ័យសិក្សាស្វែងយល់អំពីកញ្ចប់សម្ភារៈ និងវិធីសាស្រ្តបង្រៀនអំណានថ្នាក់ដំបូង តាមរយៈវីដេអូបង្រៀន ដែលក្រសួងបានផលិតនិងផ្តល់ជូននាពេលកន្លងមកព្រមទាំងអាចទាញយក កញ្ចប់សម្ភារៈអំណាននិងវីដេអូការបង្រៀនពីក្នុងគេហទំព័រនិង App ផ្លូវការនានារបស់ក្រសួង។

ចូលរួមបង្កើតសហគមន៍អ្នកសិក្សាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍសមត្ថភាពជាប្រចាំ និងសហការជាមួយទីប្រឹក្សាគរុកោសល្យ ដើម្បីកែលម្អសកម្មភាពបង្រៀន និងរៀន និងការគ្រប់គ្រងថ្នាក់រៀន ឲ្យកាន់តែមានប្រសិទ្ធភាព។

៣៖ មាតាបិតា អ្នកអាណាព្យាបាលសូមចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត, សីលធម៌, សុជីវធម៌របស់កូន នៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍ព្រមទាំងជួយបង្រៀន កូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឲ្យកូន បានសិក្សាបន្ថែមនៅផ្ទះ និងចូលរួមអានសៀវភៅជាមួយកូន ជាដើម។

បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាល ត្រូវផ្គត់ផ្គង់សម្ភារៈសិក្សា,ទិញកញ្ចប់សម្ភារៈអំណានឱ្យកូនបានហ្វឹកហាត់ នៅសាលារៀននិងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ, ថវិកា, ដល់ដំណើរការបណ្ណាល័យនៅតាមសាលារៀន, ការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន ជាដើម៕