(សៀមរាប)៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ដែលមានលោក លី សុផារី ជាអនុប្រធាន តំណាងលោក ថោង ប៊ុនថារី ប្រធានសមាគម បានទទួលស្វាគមន៍ ការមកដល់នូវក្រុមនិស្សិតសិង្ហបុរី សរុប៨០នាក់ ដែលធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប។

ក្នុងពិធីនៅព្រលានយន្តហោះអន្តរជាតិសៀមរាប មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ពីតំណាងមន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម សហភាពសហព័ន្ធយុវជនកម្ពុជា និងខាងសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប។

ក្រុមនិស្សិតសាកលវិទ្យាល័យ INSEAD នៃប្រទេសសិង្ហបុរី ធ្វើដំណើរមកកម្សាន្តខេត្តសៀមរាបរយៈពេល៤ថ្ងៃ តាមរយៈក្រុមហ៊ុន ROSE APPLE Group។ ក្រុមនិសិ្សតទាំងនោះ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ចំពោះការមកដល់ខេត្តសៀមរាប ដែលជាការធ្វើដំណើរក្រៅប្រទេសជាលើកដំបូងរបស់ពួកគេ ក្រោយអាក់ខានដោយសារជំងឺកូវីដ១៩ ជាសកល និងរីករាយចំពោះការមានជើងហោះហើរត្រង់ពីសិង្ហបុរី-សៀមរាប។

កម្មវិធីនេះ ក៏មានការស្វាគមន៍ទេសចរតាមរយៈសេវារថយន្តឡានJeep ដែលរៀបចំឡើងដោយ Cambodiajeep.com។ នេះអាចចាត់ទុកជាក្រុមទេសចរបរទេសធំជាង និងជាលើកដំបូង ក្រោយកម្ពុជាប្រកាសបើកប្រទេស និងស្វាគមន៍ទេសចរបរទេសចាក់វ៉ាក់សាំងឡើងវិញ ដែលធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប ក្នុងបរិបទជំងឺកូវីដ១៩នេះ។ នេះបានបង្ហាញយ៉ាងច្បាស់ពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប លើការកំណត់គោលនយោបាយ និងគ្រប់គ្រងបញ្ហាជំងឺកូវីដនេះ។

ជាមួយគ្នានេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានចូលរួមអបអរសាទរដល់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍របស់ប្រទេសកម្ពុជា ដែលទទួលបានទំនុកចិត្តពីភ្ញៀវទេសចរអន្តរជាតិ ដែលជាសិស្សនិស្សិតមកពីប្រទេសសិង្ហបុរី ក្នុងដំណើរកម្សាន្តរបស់ខ្លួននៅលើទឹកដីដ៏អច្ឆរិយៈរបស់កម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណមកដំណើរកម្សាន្តជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ៕