(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកស្រី, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជានារីក្នុងរដ្ឋបាលខេត្ត ប្រមាណ៤០នាក់។

លើកឡើងនាឱកាសនោះលោក ស្វាយ សំអ៊ាង បានថ្លែងកោតសរសើរចំពោះលោកស្រីជាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការរដ្ឋបាលខេត្តស្ទឹងត្រែង និងស្ត្រីទាំងអស់ និងបានសូមវាយតម្លៃខ្ពស់ និងគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ ខេត្ត ក្រុង ស្រុក និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលើកកម្ពស់បរិយាប័ន្ន និងសមធម៍សង្គម ដើម្បីស្ត្រីនិងកុមារ និងជនរងគ្រោះ ទទួលបានកិច្ចការពារសិទ្ធ និងផលប្រយោជន៍។

លោក ស្វាយ សំអ៊ាង បានបន្តថា ប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលត្រូវបានលើកឡើងក្នុងឆ្នាំនេះ ជាប្រធានបទមួយមានខ្លឹមសារ យ៉ាង ជ្រាលជ្រៅ ដោយបានបញ្ជាក់អំពីតម្លៃនៃការទទួលបានមកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរស សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងរបៀបវារៈស្តារ សេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

បន្ថែមពីនោះដែរ លោក ស្វាយ សំអ៊ាង ក៏បានជំរុញ និងលើកទឹកចិត្តដល់ស្ត្រីទាំងអស់ ពិសេសស្ត្រីគឺជាឆ្អឹងខ្នងនៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ត្រូវពង្រឹងសមត្ថភាព ការងារ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីមានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ហើយទទួលឱកាសចូលរួមចំណែក ក្នុងសកម្មភាពនានាទាំង ឆាកនយោបាយ និងការងារសង្គម។

សូមបញ្ជាក់ថា ក្នុងឱកាសអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២២នេះ តាមមន្ទីរ អង្គភាព ជុំវិញខេត្តស្ទឹងត្រែង មួយចំនួនក៏បានប្រារព្ធធ្វើផងដែរ ក្នុងន័យលើកកម្ពស់មន្ត្រីរាជការជានារីនៅក្នុងអង្គភាព ឲ្យកាន់តែមានទឹកចិត្តបំពេញការងារថែមទៀត ក៏ដូចជាក្នុងន័យបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំអង្គភាព ចំពោះមន្ត្រីរាជការជានារីផងដែរ៕