(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការសហការផ្តល់-ទទួលព័ត៌មានច្បាស់ ទាន់ពេលវេលាធ្វេីឱ្យការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មេីសបង្វែរសារធាតុគីមីផ្សំយកទៅផលិតគ្រឿងញៀនមានប្រសិទ្ធភាព។

ការលើកឡើងបែបនេះ ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានធ្វើឡើងនៅក្នុងឱកាសអញ្ជេីញជាអធិបតី បិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំតាមប្រព័ន្ធទំនាក់ទំនងឧប្បត្តិហេតុ SINCB នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសាន់វ៉េ។

លោកហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) ជាអ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើមប្រតិបត្តិការរបស់កម្មវិធីសកលស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់ (GRIDS) បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះគឺចូលរួមជួយពង្រឹងបាននូវសមត្ថភាព ប្រសិទ្ធភាពក្នុងការត្រួតពិនិត្យសារធាតុគីមីផ្សំដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានអបអរសាទរដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលទាំងអស់ដែលទេីបទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗយកទៅបម្រេីការងារតាមវិស័យរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវការចរាចរសារធាតុគីមីផ្សំខុសច្បាប់។

ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានសង្កត់ថា «ការសហការផ្តល់-ទទួលព័ត៌មានច្បាស់ ទាន់ពេលវេលា ធ្វេីឱ្យការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មេីសការបង្វែរសារធាតុគីមីផ្សំយកទៅផលិតគ្រឿងញៀនមានប្រសិទ្ធភាព ជាពិសេសសមត្ថកិច្ចជួរមុខនៅតាមច្រកព្រំដែនត្រូវតែជួយសង្កេត តាមដានផ្តល់ព័ត៌មានពីករណីសង្ស័យនានាពាក់ព័ន្ធនឹងការនាំចូលសារធាតុគីមីផ្សំយកទៅប្រេីប្រាស់ទាំងក្នុងវិស័យឧស្សាហកម្ម និងវិស័យវេជ្ជសាស្ត្រ»

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានសំណូមពរដល់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួម៖

ទី១៖ សហការចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងឧប្បតិ្តវហេតុសារធាតុគីមី ឱ្យទទួលផលប្រយោជន៍ខ្ពស់ក្នុងការងាររបស់ខ្លួន។
ទី២៖ លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានស្តីអំពីការចរាចរជួញដូរសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែនជាមួយប្រទេសដៃគូរក្នុងតំបន់។
ទី៣៖ បន្តពង្រឹង និងពង្រីកកិច្ចសហការល្អ រវាងមន្រ្តីអនុវត្តច្បាប់ជួរមុខបម្រើការងារនៅតាមព្រំដែន និងកំពង់ផែ ក្នុងការចែករំលែកព័ត៌មានអំពីសកម្មភាព និងទិសដៅនៃការដឹកជញ្ជូនសារធាតុគីមីក្នុងប្រទេសកម្ពុជា។
ទី៤៖ លើកកម្ពស់កិច្ចសហប្រតិបតិ្តការក្នុងការតាមដានត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀន តាមរយៈការធ្វើជាសេនាធិការដល់ស្ថាប័ន អង្គភាពរបស់ខ្លួនទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ។
និងទី៥៖ គ្រប់មន្រ្តីអនុវត្តច្បាប់គ្រឿងញៀន ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ការកសាងសមត្ថភាព ចំណេះដឹង ជំនាញបន្ថែមទៀត ដើម្បីបម្រើដល់សកម្មភាពការងារ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសដទៃទៀត ឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់៕