(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីវឌ្ឍនភាព នៃការដោះស្រាយវិវាទការងារួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានអញ្ជើញភាគីវិវាទមកចរចាបាន ចំនួន៧លើក ដើម្បីស្វែងរកលទ្ធភាពសម្របសម្រួលបន្តស្របតាមច្បាប់ស្តីពីការងារ។ ភាគីកម្មករនិយោជិតនៅតែបន្តទាមទារ ឲ្យក្រុមហ៊ុនត្រូវតែទទួលយកកម្មករនិយោជិតចំនួន ៣៧៣នាក់ ឲ្យចូលធ្វើការវិញជាដាច់ខាតដដែល ទើបពិភាក្សាលើចំណុចទាមទារដទៃផ្សេងទៀត។

តបតាមការសម្របសម្រួលដោះស្រាយរបស់ក្រសួង មានបងប្អូនអតីតបុគ្គលិកជាបន្តបន្ទាប់បានយល់ព្រមទទួល យកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលគិតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ១៤៧នាក់ ក្នុងចំណោម៣៧៣នាក់ ទទួលយកការទូទាត់ ដែលធ្វើឲ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែ ២២៦នាក់ប៉ុណ្ណោះ។

ជាថ្មីម្តងទៀត ដោយផ្អែកតាមនីតិវិធីជាធរមានដែលមានកំណត់នៅក្នុងច្បាប់និងក្នុងគោលបំណងឈានទៅ បញ្ចប់ករណីវិវាទនេះដោយសន្តិវិធី ក៏ដូចជាដើម្បីរក្សាបាននូវផលប្រយោជន៍របស់ភាគីកម្មករនិយោជិត ភាគីនិយោជក និងដើម្បីរួមចំណែកក្នុងការរក្សាផលប្រយោជន៍សាធារណៈ ក្រសួងសូមអំពាវនាវដល់បងប្អូនបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលបានចូលរួមធ្វើបាតុកម្មដោយអវត្តមានពីកន្លែងការងារ សូមបញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ក្រសួងនឹងបន្តសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់កង្វល់នានារបស់បងប្អូនបាតុករ ក៏ដូចជាគិតគូរផ្ដល់សិទ្ធិស្របច្បាប់របស់វិនិយោគិនផងដែរ៕