(ភ្នំពេញ)៖ អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife alliance) បានសហការជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង រៀបចំសន្និសីទសារព័ត៌មានស្តីពី «គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវ៉ាញ ផ្តល់អត្ថប្រយោជន៍ដល់សហគមន៍សុវណ្ណបៃតង»

សន្និសីទសារព័ត៌មាននេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្រ្តីបង្គោលគម្រោងរ៉េដបូក, កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងលោក សុខ សុធី អភិបាលរងខេត្តកោះកុង ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក ជួប ប៉ារីស បានលើកឡើងថា ការបង្កើតសហគមន៍សុវណ្ណាបៃតង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife alliance) តាមរយៈការគិតគូរអំពីជីវភាពរបស់ពលរដ្ឋនេះ គឺជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹង ការពារ និងអភិរក្សធនធានធម្មជាតិ ខណៈក្រសួងក៏កំពុងពង្រឹងតួនាទីរបស់ ប្រជាពលរដ្ឋនៅតាមតំបន់ការពារ និងអភិរក្សធនធានធម្មជាតិជាតិផ្សេងទៀត។

លោកបានបន្ថែម គម្រោងនេះ គឺបានចលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការងារការពារអភិរក្សធនធានធម្មជាតិ តាមរយៈយកថវិការពីការអភិវឌ្ឍន៍ដំណាំកសិកម្មនៅក្នុងសហគមន៍ មកជួយថែរក្សាព្រៃឈើ យកថវិការមួយជួយសហគមន៍ ដើម្បីឱ្យប្រជាសហគមន៍ចូលរួមជួយថែរក្សាការព្រៃឈើ។

បើតាមកញ្ញា ស៊ូវណ្ណា ហ្គោនឡែត បានឱ្យដឹងថា ប្រជាពលរដ្ឋដែលផ្លាស់ទីមករស់នៅក្នុងសហគមន៍ភូមិសុវណ្ណបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរខេត្តកោះកុង ក្រោមគម្រោងអភិវឌ្ឍន៍កសិកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទទួលបានដីសម្បទានសង្គមកិច្ច គឺក្នុង១គ្រួសារបានដីទទឹង២៥ម៉ែត្រ និងបណ្ដោយ ៦០០ម៉ែត្រ ដើម្បីធ្វើដីភូមិ ដីចម្ការ និងដីសម្រាប់ដំណាំហូបផ្លែផ្សេងៗដើម្បីកាត់ផ្ដាច់មុខរបររបស់ពួកគាត់ពីមុនមក ដែលធ្លាប់ចូលព្រៃប្រមូលអនុផលព្រៃឈើ កាប់ឈើ និងបរបាញ់សត្វព្រៃ។

កញ្ញាបានគូសបញ្ជាក់ថា៖ «នេះគឺជាការអនុវត្តគម្រោងដែលជំរុញឱ្យមានការផ្លាស់ប្ដូរជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ហើយដើម្បីឱ្យពួកគាត់មានភាពនឹងនរដោយសារទី១៖ មានដីកម្មសិទ្ធិ, ទី២៖ មានមុខរបរ, ទី៣៖ មានចំណូល និងទី៤ មានសុវត្ថិភាពសម្រាប់ការរស់នៅរបស់ពួកគាត់។

ស៊ូវណ្ណា ហ្គោនឡែត បានបន្តទៀតថា ការមករស់នៅក្នុងសហគមន៍ គឺមានភាពងាយស្រួលជាងមុន ដោយសារតែមានសាលារៀន មន្ទីរពេទ្យ និងផ្សារនៅជិតផ្ទះដែលកូនៗអាចមានឱកាសបានរៀនចប់វិទ្យាល័យ ហើយខ្លះរហូតអាចបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញថែមទៀត។

លោក អាត ណុច ប្រធានសហគមន៍សុវណ្ណាបៃតង បានឱ្យដឹងថា សហគមន៍សុវណ្ណាបៃតងបង្ហាញវឌ្ឍនភាពរបស់ខ្លួននិងមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះចាប់ផ្ដើមនៅឆ្នាំ២០០៤ វាត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងជំនួយពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) ដែលមានចំនួនគ្រួសាររស់នៅជាង១០០គ្រួសារប៉ុណ្ណោះ។

លោកបានបន្ថែមថា ឥឡូវនេះគ្រួសារប្រមាណជាជាង២៥០គ្រួសារ ដែលកំពុងរស់នៅនិងទទួលអត្ថប្រយោជន៍ពីគម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញ និងគម្រោងសុវណ្ណាបៃតង។ រយៈពេលប៉ុន្មានឆ្នាំនេះសហគមន៍ទទួលបានជោគជ័យច្រើនដូចជាក្នុងឆ្នាំ២០១៣ សហគមន៍ត្រូវបានបង្កើតឡើងដំណាំផ្លែឈើហូបផ្លែជាច្រើនប្រភេទត្រូវបានដាំរួមមាន៖ ធុរេន សៅម៉ាវនិងមានជាដើម។

នៅដើមឆ្នាំ២០១៧ សហគមន៍សិប្បកម្មសុវណ្ណាបៃតងត្រូវបានចិត្តឱ្យទទួលខុសត្រូវលើការគ្រប់គ្រងទីតាំងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃបន្តផ្ដល់ជំនួយបច្ចេកទេស៕