(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិភាក្សា «បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២» ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាលខេត្តកណ្តាល និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល។

កិច្ចប្រជុំពិភាក្សា «បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២» នេះ ធ្វើឡើងនាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាភិបាលខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល, លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ក៏ដូចជា សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល និងខេត្តកណ្តាល សរុបចំនួន ៥៥០នាក់។

លោក លេង ផាលី បានលើកឡើងថា កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តចូលរួមលើកកម្ពស់សុខភាពប្រជាជននៅខេត្តកណ្តាល ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈការចុះការពិនិត្យ ព្យាបាល បណ្តុះបណ្តាលវិធីសាស្ត្រសង្គ្រោះបឋម ការអប់រំសុខភាព និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថវិកា ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី និងជាពិសេសគឺការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តប្រចាំខេត្តកណ្តាល ដោយមិនគិតថវិកាបេសកកម្មនោះឡើយ។

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះ បានណែនាំសមាសភាពអនុប្រធានប្រតិបត្តិចំនួន ១៣នាក់ ដែលបានចូលរួមកម្មវិធីនាឱកាសនោះ និងបានសម្តែងនូវចំណាប់អារម្មណ៍ ក៏ដូចជាសង្ខេបនូវសាវតា របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត យ៉ាងក្បោះក្បាយ រួមជាមួយនឹងបង្ហាញជូនរបាយការណ៍សង្ខេប នូវចំណុចសំខាន់ៗទាក់ទងនឹងទិន្នន័យ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់សម្រេចបាន តាមរយៈការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយនឹង គ.វ.ក១៩ ការចុះធ្វើសកម្មភាពមនុស្សធម៌នានា ជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការងារអប់រំ ផ្សព្វផ្សាយ ពិនិត្យព្យាបាល ចែកថ្នាំពេទ្យដោយមិនគិតថវិកា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ក៏ដូចជាការលើកទិសដៅបន្ត សម្រាប់អនុវត្តនៅឆ្នាំ២០២២ បន្តទៀតផងដែរ។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងបានប្តេជ្ញាតាំងចិត្តក្នុងការចូលរួមកសាងប្រទេសជាតិ សន្តិភាព តាមរយៈសកម្មភាពមនុស្សធម៌ដ៏ប្រពៃណ៍មួយនេះ ឱ្យកាន់តែស្រស់ថ្លាប្រកបដោយប្រសិទ្ធិផល។

លោក គង់ សោភ័ណ្ឌ បានសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវីរៈជនកងទ័ពអាវស គឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នាឱកាសដ៏វិសេសវិសាលនេះ ក៏ដូចជាការកោតសរសើរក្រុមគ្រូពេទ្យ ចំពោះសកម្មភាពដ៏អង់អាចក្លាហាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងការចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ដោយឥតគិតថ្លៃ។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងក៏មិនខុសពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនោះដែរ គឺបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សដ៏ល្អប្រពៃថ្លៃថ្លារបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋដោយឥតគិតថវិកា។

ប្រធានក្រុមប្រឹក្សាភិបាលខេត្តកណ្តាលរូបនេះ ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល និងខេត្តកណ្តាល ក៏ដូចជាអាជ្ញាធរ នៅក្នុងខេត្តកណ្តាលទាំងមូល ដើម្បីធ្វើយ៉ាងណាឱ្យសកម្មភាពមនុស្សធម៌នេះ បន្តសាយភាយកេរ្តិ៍ឈ្មោះទៅគ្រប់ទីកន្លែងផ្សេងៗទៀត។

សូមជម្រាបជូនថា ក្នុងរយៈពេល១០ឆ្នាំនេះ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោក ហ៊ុន ម៉ានី, ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសរុបមានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១នាក់ (បីពាន់ពីររយសាមសិបមួយនាក់) បានចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៣៧១លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន ៤,១៦០,៨៦៩នាក់ (បួនលានដប់ប្រាំមួយម៉ឺនប្រាំបីរយហុកសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ២,២២៥,៦៧៩នាក់ (ពីរលានម្ភៃពីរម៉ឺនប្រាំពាន់ប្រាំមួយរយ ចិតសិបប្រាំបួននាក់)។ ដោយបានសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕