(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៣៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ក្នុងនោះ៥នាក់ត្រូវបានដោះលែងវិញ ដោយនៅសល់ចំនួន២៩នាក់។

នេះបើតាមរបាយការណ៍កិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមប្រព័ន្ធនិម្មិត ដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តវិធានការបង្ក្រាបការទន្ទ្រាន ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងលើកទិសដៅការងារបន្ត ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

 របាយការណ៍បានបញ្ជាក់ ឱ្យដឹងថា មនុស្សចំនួន៣៤នាក់នេះ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងខេត្តចំនួន៦ នៅជុំវិញបឹងទន្លេសាប ក្នុងនោះមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។

 របាយការណ៍បានបញ្ជាក់ថា ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញមានចំនួន ១៥០០២គ្រួសារ ស្មើ ៦៣ ១៩០,៨០ហិកតា និងធ្វើការវាស់វែងជាក់ស្តែងបានចំនួន ៨ ៨៦០គ្រួសារ ស្មើ ១០ ៨៣៧ក្បាលដី និងមានទំហំ ៨៧ ០៤២,៤៥ហិកតា។

របាយការណ៍បានបញ្ជាក់បន្ថែមថា នៅក្នុងផ្ទៃដីទាំងនោះ ត្រូវបានកប់គ្រាប់ត្នោតបានចំនួន ៣៤៣ ៤០០គ្រាប់, ដើមត្នោត ១៣៩ដើម, ដើមច្រកែង ២០០ដើម, ដើមរាំង ១៩ ០១៣ដើម, ដើមឫស្សី ១៣ ៧០៩ដើម, ដើមផ្ទាល ២០០ដើម, ដើមរំដេញ ៦ ៩៣៤ដើម, ដើម សណ្តាន់ ៣ ៤៨៥ដើម, ដើមត្រស់ ៧៦៤ដើម, ដើមអញ្ចាញ ១៥៦ដើម, ដើមផ្គាំ ៦៥០ដើម ,ដើម ថ្លើមអណ្ដើក ៣៥៦ដើម, ដើមបបួយ ១៥០ដើម, ដើមខ្នាយមាន់ ៣៥០ដើម, ដើមកន្សែង ២០០ដើម និងដើមផ្សេងៗ ៩ ៥០០ដើម។

ការបោះបង្គោលកំណត់ព្រំតំបន់៣ និងកែសម្រួលបង្គោលចាស់សរុបបានចំនួន ៦៦១បង្គោល ស្មើ ៨២,៤២%នៅខ្វះចំនួន ១៤១បង្គោលត្រូវបោះបន្ត ក្នុងនោះខេត្តបាត់ដំបងចំនួន ៣បង្គោល និង ខេត្តសៀមរាបចំនួន ១៣៨បង្គោល។ ដោយឡែក លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ៦៣ផ្ទាំង គ្រប់តាមផែនការផងដែរ៕