(កំពត)៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តកំពត និងខេត្តកែប ដោយពិធីនេះធ្វើឡើងនៅទីស្នាក់ការគណៈអ៉ីមាំខេត្តកំពត ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឺកឈូ ខេត្តកំពត។

ថ្លែងក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តកំពត និងខេត្តកែប ឲ្យបង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្តទាំងពីរ ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ជាពិសេសទៀតនោះ លោកជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

លោកក៏បានក្រើនរំលឹក ដល់សកម្មជនគណៈចលនា ត្រូវបញ្ជាក់ឲ្យច្បាស់ថា គ្រប់គ្នានៅមូលដ្ឋានរបស់ខ្លួន គឺពិតជាមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបានបោះឆ្នោត ហើយប្រសិនមានប្រជាពលរដ្ឋណាម្នាក់មានបញ្ហាពាក់ព័ន្ធនឹងឯកសារ សូមជួយសម្រួលជូនគាត់ ពន្លឿនការងារឲ្យពួកគាត់បានទទួលឯកសារសមស្របគ្រប់គ្រាន់ ដូចជាអត្តសញ្ញាណបណ្ណសេរីចាស់ជាដើម គឺតម្រូវឲ្យមានសេរីថ្មី និងមានឈីបជាដើម។ លោកបានសង្កត់ធ្ងន់ថា ត្រូវចងចាំថា សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសន្លឹកឆ្នោត ១សន្លឹក។

លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នេីរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្ត ១នាក់ ដដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាម រស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

ជាចុងក្រោយ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបឲ្យយល់ពីតំលៃសន្តិភាព និងរួមគ្នាថែរក្សាវាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់ជួបជុំ ពូជពង្សវង្សត្រកូល និងសាច់ញាតិដោយភាពសប្បាយរីករាយ។ លោកបន្តថា ដូចឧទាហរណ៍ស្តាប់នូវអ្វីដែលកើតឡើងចំពោះប្រទេស អ៊ុយក្រែន ដោយសារខ្វះសន្តិភាព សព្វថ្ងៃប្រជាជនរស់នៅក្នុងភាពភ័យខ្លាច បែកបាក់គ្រួសារ និងបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិផ្សេងៗជាច្រើនផងដែរ៕