(មណ្ឌលគិរី)៖ លោក ធី ខេមរិន បានផ្តល់ឧបករណ៍សម្លាប់មេរោគកូវីដ១៩ ចំនួនជាង ៣០ឈុត ជូនដល់រដ្ឋបាលស្រុកអូររាំង ប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩។

ឧបករណ៍សម្លាប់មេរោគកូវីដ១៩នេះ ត្រូវបានលោក ធី ខេមរិន យកទៅប្រគល់ជូនលោក សៀក មុន្នី អភិបាលស្រុកអូររាំង កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។ លោក សៀក មុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ធី ខេមរិន ដែលបានផ្តល់នូវឧបករណ៍សម្លាប់មេរោគកូវីដ១៩ ដល់រដ្ឋបាលស្រុក។

លោកអភិបាលស្រុកអូររាំង បានចាត់ទុកការផ្តល់ឧបករណ៍សម្លាប់មេរោគកូវីដ១៩នេះ គឺជាស្មារតីនៃការចូលរួម និងសហការដ៏ល្អមួយរវាងប្រជាពលរដ្ឋមានលទ្ធភាព ជាមួយនឹងអាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅតាមសហគមន៍។

លោក ធី ខេមរិន គឺជាប្រជាពលរដ្ឋមួយរូប ដែលតែងបានធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ ហើយក៏តែងបានចូលរួមធ្វើសកម្មភាពនានាជាមួយអាជ្ញាធរ ដើម្បីជាប្រយោជន៍នៅក្នុងសហគមន៍ផងដែរ។

លោក បានគូសបញ្ជាក់ថា ការផ្តល់ឧបករណ៍នេះ គឺជាស្មារតីនៃកិច្ចសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ព្រោះថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាមទារឱ្យមានការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់រូប ដើម្បីសុវត្ថិភាពគ្រប់គ្នា៕