(ភ្នំពេញ)៖ «ក្រសួងបរិស្ថានមានបេសកកម្មចម្បង ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ការផ្តល់ជម្រើសមុខរបរ សំដៅកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង»។ នេះជាការលើកឡើងរបស់លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុង «កិច្ចប្រជុំស្វែងរកធនធានគាំទ្រសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលមុខរបរដល់សហគមន៍នៅខេត្តកំពង់ធំ» នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធអនុវត្តគម្រោងពិព័រណ៍សហគមន៍។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានា បានធ្វើការនៅតាមតំបន់ការពារធម្មជាតិក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ដោយឡែក កិច្ចសហការគ្នាពីអ្នកពាក់ព័ន្ធ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ នៅមានកម្រិតនៅឡើយ។ ដើម្បីឱ្យការលើកកម្ពស់ជីវភាពសហគមន៍កាន់តែមានប្រសិទ្ធភាពថែមទៀត ទាមទាកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាផ្តល់ជម្រើសមុខរបរសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។ កិច្ចប្រជុំដែលរៀបចំឡើងដោយគម្រោងពិព័រណ៍សហគមន៍ ប្រមូលផ្តុំ និងផ្តល់ឱកាសឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងវិស័យឯកជន ក្នុងការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងប្រមូលនូវអនុសាសន៍ណែនាំ ដើម្បីកែសម្រួល និងតម្រង់ទិស ឱ្យការអនុវត្តគម្រោងរៀបចំពិព័រណ៍សហគមន៍ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។

តាមការចុះសិក្សាស្រាវជ្រាវរបស់ក្រុមការងារអនុវត្ដគម្រោងពិព័រណ៍សហគមន៍ មានមុខរបរសំខាន់ៗចំនួន១០ ដែលសហគមន៍តំបន់ការពារធម្មជាតិចំនួន១៧ ក្នុងខេត្តកំពង់ធំជ្រើសរើស រួមមាន៖ ដាំបន្លែ ចិញ្ចឹមសត្វ (ត្រី មាន់ គោ) សិល្បៈ (ភ្លេងខ្មែរ) សំអាង (កាត់សក់ អ៊ុតសក់) កែច្នៃផលិតផល (គ្រាប់ឈូក ទឹកត្រី កំពឹសក្រៀម) វេចខ្ចប់ (ផលិតផលត្រី) ជួសជុល (ម៉ូតូ គោយន្ត ម៉ាស៊ីន) សេវាទេសចរណ៍ (មគ្គុទេសក៏) ពេទ្យសត្វ និងកុំព្យូទ័រ (កុំព្យូទ័រ កាត់ត)។

ផលិតផល ឬទំនិញ របស់សហគមន៍នឹងត្រូវយកមកដាក់តាំងបង្ហាញជូនសាធារណៈជនទស្សនា ក្នុងពេលប្រារព្ធពិធីបើកសម្ភោធពិព័រណ៍សហគមន៍ ដែលគ្រោងរៀបចំនៅខែកក្កដា ឆ្នាំ២០២២ នៅទីរួមខេត្តកំពង់ធំ។ នៅក្នុងឱកាសនៃការបើកសម្ភោធពិព័រណ៍សហគមន៍នេះ ក្រុមការងាររៀបចំពិព័រណ៍សហគមន៍នឹងរៀបចំវេទិកាសហគ្រិន ដើម្បីបើកឱកាសជូនប្រជាសហគមន៍និងសហគ្រិន ឬដៃគូអភិវឌ្ឍនានាជជែក ពិភាក្សា និងស្វែងយល់ពីគ្នាទៅវិញទៅមកលើការអភិវឌ្ឍមុខរបរ៕