(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើលិខិតអបអរសាទរ ឯកឧត្តម ឡាំ ហេងហួត ដែលទើបត្រូវបានព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្នដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លិខិតអបអរសាទរ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមចូលរួមសម្តែងនូវសេចក្តី អបអរសាទរយ៉ាងក្លៀវក្លា និងស្មោះអស់ ពីដួងចិត្តជូនចំពោះ ឯកឧត្តម ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាដែល ឯកឧត្តម ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

ព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នេះគឺជាសក្ខីភាពឆ្លុះ បង្ហាញអំពីការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈដ៏មោះមុតរបស់ ឯកឧត្តម ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដើម្បីបម្រើឧត្តមប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋកន្លងមក។

យើងខ្ញុំជឿជាក់ថា ភាពជោគជ័យដ៏វិសេសវិសាលដែល ឯកឧត្តម ទទួលបាននេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះយើងខ្ញុំទាំងអស់ សូមជូនពរបវរមហាប្រសើរដល់ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»