(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងសង្កាត់ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតជាច្រើន ចូលរួមបោសម្អាតតាមដងផ្លូវទីសាធារណៈ ក្នុងថ្ងៃទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាតគាំទ្រកាបើកទេសចរណ៍កម្ពុជា»

នៅក្នុងពិធីជួបជុំនៅពេលនោះលោកស្រី ខាំ សុភាព បានណែនាំ និងបញ្ជ្រាបការយល់ដឹងពីបរិស្ថាន និងបានអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ«កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយបាន បញ្ជាក់ថា កិច្ចគាំពារបរិស្ថាននិងការលើកកម្ពស់ការអភិវឌ្ឍបៃតង គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

លោកស្រី ខាំ សុភាព បានបញ្ជាក់ទៀតថា ភាពស្អាតបានក្លាយជាអភិក្រមថ្មី និងជាតម្រូវការចាំបាច់សម្រាប់ការជំរុញស្ដារវិស័យទេសចរណ៍ នៅក្នុងនិងក្រោយ ពេលវិបត្តិជំងឺកូវីដ19 និងការត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

ប្រធានបទនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងប្រកបដោយភាពវ័យឆ្លាតមានភាពស្អាត និងបៃតងប្រកបដោយអនាម័យដែលមានសណ្តាប់ធ្នាប់របៀបរៀបរយ មានការធានាបាននូវសុខសុវត្ថិភាពពេញលេញ មានការផ្ដល់សេវាសាធារណៈប្រកបដោយបដិសណ្ឋាកិច្ចល្អ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់ និងមានការ ផ្ដល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងជាមជ្ឈដ្ឋានដែលប្រជាជនគ្រប់រូបប្រាថ្នាចង់រស់នៅ ហើយទាំងនេះក៏ជាកត្តាកំណត់ការ សម្រេចចិត្តដ៏ចម្បងបំផុត មួយសម្រាប់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទស្សនានាពេលអនាគតផងដែរ។

លោកស្រីអភិបាលរងខេត្ត បន្តថា ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាល បានដាក់ចេញនូវការងារអាទិភាពរួមមាន៖

* ទី១៖ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធានការ និងបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញ។

* ទី២៖ ត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញនិងស្ដារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ដែលនឹងផ្ដល់ ផ្លែផ្កា ចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩។

* ទី៣៖ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជាតាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការកម្ពុជាស្អាត ឱ្យបានកាន់តែសកម្មនិងផុលផុសហើយប្រជាពលរដ្ឋនិងភ្ញៀវទេសចរគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅ ទៅតាមគន្លងប្រក្រតី ភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយភាពស្អាត និងអនាម័យ រួមជាមួយការអនុវត្តកម្មវិធីនៃការសុខាភិបាល និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ19៕